(ខេត្តមណ្ឌលគិរី)៖ សាលាស្រុកកែវសីមា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាល ស្រុកកែវសីមា បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកែវសីមា ក្រោមអធិបតីភាពលោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុក និង សាន គឹមអ៊ាប អភិបាល នៃគណៈអភិបាលស្រុកកែវសីមា។
ក្នុងឱកាសនោះលោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុក បានថ្លែងណែនាំ និងបញ្ជាក់ពីតួនាទី និងភារកិច្ចសំខាន់ៗរបស់ក្រុមប្រឹក្សាស្រុក ក្នុងការបំពេញការងារតាមគោលការណ៍រដ្ឋបាលមូលដ្ឋាន ការគោរពច្បាប់ និងបទបញ្ជាដែលពាក់ព័ន្ធ ដោយផ្តោតសំខាន់លើការបម្រើផលប្រយោជន៍សាធារណៈ ការលើកកម្ពស់សុខុមាលភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យសមាជិក សមាជិការក្រុមប្រឹក្សាស្រុក និងអង្គភាពពាក់ព័ន្ធ បន្តពង្រឹងការសហការគ្នាឲ្យបានជិតស្និទ្ធ បង្កើនការតាមដាន និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានា ឲ្យមានប្រសិទ្ធភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់។
លើសពីនេះ ប្រធានក្រុមប្រឹក្សាស្រុក ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការដោះស្រាយបញ្ហាប្រឈមនានា និងការជំរុញការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច ក្នុងមូលដ្ឋាន។ កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក និងសមាជិការក្រុមប្រឹក្សាស្រុក លោកអភិបាលរង នៃគណៈអភិបាលស្រុក លោកនាយក និងនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីជំនាញចំណុះរដ្ឋបាលស្រុក ព្រមទាំងមេឃុំ និងស្មៀនឃុំ ផងដែរ៕ដោយ ឃិន សុខន







Post a Comment