ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រកាសថា យន្តហោះចម្បាំង F 15E Strike Eagle ចំនួនបីគ្រឿងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានប្រព័ន្ធការពារដែនអាកាសគុយវ៉ែតបាញ់ទម្លាក់ដោយខុសបច្ចេកទេស នៅលើទឹកដីនៃប្រទេសគុយវ៉ែត កាលពីល្ងាចថ្ងៃអាទិត្យ ខណៈកំពុងចូលរួមក្នុងប្រតិបត្តិការយោធា Operation Epic Fury។
យោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឱ្យដឹងថា យន្តហោះចម្បាំងទាំងនោះត្រូវបានវាយប្រហារដោយអចេតនាពីប្រព័ន្ធការពារដែនអាកាសរបស់គុយវ៉ែត នៅពេលបរិយាកាសប្រយុទ្ធមានភាពច្របូកច្របល់ខ្លាំង ដែលរួមមានការគំរាមកំហែងពីយន្ដហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប៉ាលេស្ទិករបស់អ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការវាយប្រហារទៅលើគោលដៅនានានៅតំបន់មជ្ឈិមបូព៌ា។
សមាជិកក្រុមអ្នកបើកយន្តហោះទាំង ៦ រូបបានេជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព មុនពេលយន្តហោះបានធ្លាក់ ហើយត្រូវបានកម្លាំងសង្គ្រោះបន្ទាន់ផ្តល់ការជួយសង្គ្រោះភ្លាមៗ។ មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា ពួកគេស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងមិនមានរបួសធ្ងន់ធ្ងរនោះទេ។
អាជ្ញាធរគុយវ៉ែតបានទទួលស្គាល់ឧប្បត្តិហេតុនេះ ហើយការស៊ើបអង្កេតរួមរវាងភាគីទាំងពីរកំពុងដំណើរការ ដើម្បីកំណត់មូលហេតុពិតប្រាកដ រួមទាំងបញ្ហាការកំណត់អត្តសញ្ញាណគោលដៅ ក្នុងស្ថានភាពប្រយុទ្ធកម្រិតខ្ពស់។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានបន្ថែមថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាស នៅពេលការពិនិត្យឡើងវិញជាផ្លូវការ។ មុនការប្រកាសរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ក៏មានការរាយការណ៍មកថា យន្តហោះចម្បាំង F-15 មួយគ្រឿងបានធ្លាក់នៅក្នុងទឹកដីនៃប្រទេសគុយវ៉ែតនៅថ្ងៃចន្ទនេះ។ ក្រុមហ៊ុនឧស្សាហកម្មប្រេង គុយវ៉ែត (KIPIC) បានរាយការណ៍ថា កំទេចកំទីពី យន្តហោះ F-15 បានធ្លាក់នៅក្នុងរោងចក្រចម្រាញ់ប្រេង Mina Al Ahmadi បណ្តាលឱ្យកម្មករពីរនាក់រងរបួស។
ប៉ុន្តែបើតាមក្រសួងការពារជាតិគុយវ៉ែតបានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងបានជួបឧប្បត្តិហេតុធ្លាក់ក្នុងដែនដីគុយវ៉ែត ប៉ុន្តែសមាជិកអ្នកបើកយន្តហោះទាំងអស់បានរួចផុតពីគ្រោះថ្នាក់ និងស្ថិតក្នុងសុវត្ថិភាព ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ លោក Saud Al-Atwan អ្នកនាំពាក្យក្រសួងការពារជាតិគុយវ៉ែត បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធបានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភ្លាមៗក្រោយកើតហេតុ។
ក្រុមអ្នកបើកយន្តហោះត្រូវបានជម្លៀសចេញពីទីតាំងកើតហេតុដោយសុវត្ថិភាព ហើយបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព និងទទួលការថែទាំវេជ្ជសាស្ត្របន្ទាន់។
លោក Al-Atwan បានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានអនុវត្តដោយសហការជិតស្និទ្ធជាមួយកងកម្លាំងសហរដ្ឋអាមេរិក ខណៈអាជ្ញាធរកំពុងពិនិត្យ និងស៊ើបអង្កេតលម្អិត ដើម្បីកំណត់មូលហេតុជាក់លាក់នៃឧប្បត្តិហេតុនេះ។
អាជ្ញាធរបានអំពាវនាវឲ្យសាធារណជន និងសារព័ត៌មាន ទទួលយកព័ត៌មានតាមប្រភពផ្លូវការប៉ុណ្ណោះ ដើម្បីជៀសវាងការបំពុលព័ត៌មាន។
ការធ្លាក់នៃយន្តហោះនេះកើតឡើងនៅពេលដែល អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុង តេអេរ៉ង់ និងពង្រីកប្រតិបត្តិការប្រឆាំងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់។



Post a Comment