សម្តេចតេជោ ៖ សម្តី កន្និដ្ឋា មានចរិតជាការគំរាមកំហែង មកលើពលរដ្ឋ!


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ពាក្យសម្តីរបស់អ្នកស្រី កន្និដ្ឋា ដែលតែងបញ្ចេញមតិ នៅតាមបណ្តាញសង្គម អំពីករណីថា អាមេរិកនឹងមកចាប់ខ្លួនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់ នៅកម្ពុជា គឺជាការគំរាមកំហែងយ៉ាងខ្លាំង។

សម្តេចតេជោសង្កត់ធ្ងន់ថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នា នៅកម្ពុជាផង ។

ប្រធានព្រឹទ្ធសភាបញ្ជាក់ថា អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦សម្តេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងអ្នកស្រី កន្និដ្ឋាដែលជាអ្នកបង្កើតមាតិកា នៅតាមបណ្តាញសង្គម បានចេញមកបញ្ចេញមតិលើរឿង ដែលថា អាមេរិក អាចមកចាប់ពលរដ្ឋខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់ នៅកម្ពុជា។

សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចមិនគួរចូលមកពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើសម្តេចមិនទប់ស្កាត់ទេ រឿងនេះ កាន់តែរីកធំឡើង ព្រោះអ្វីដែលអ្នកស្រីកន្និដ្ឋា លើកឡើង មានចរិតជាការគំរាមកំហែង មកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង ។

សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា សម្តេចបានខិតខំធ្វើគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ ៕






Post a Comment

Previous Post Next Post

Kdaily-news ads