អ្នកនាំពាក្យក្រសួងព័ត៌មាន​ ចាត់ទុកទង្វើនិងសម្តីរបស់លោក​ មាស សារ៉ា ថាខ្វះភាពថ្លៃថ្នូរ និង​មិនគោរពស្ត្រី!


ភ្នំពេញ៖ នៅថ្ងៃនេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​ បាន​រិះគន់ពី​​សកម្មភាព​លោក មាស សារ៉ា ដែល​ទៅ​ផ្សាយ​ផ្ទាល់ពី​នារីៗឈរ​លើ​ផ្លូវ​វេងស្រេង​។ ចំពោះ​សកម្មភាព​ និង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​របស់​បុរស​ជាអ្នកកាសែតខាងលើនេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ចាត់ទុក​ជា​ទង្វើខ្វះសេចក្តីថ្លៃថ្នូរ និង​មិនមែនជាសកម្មភាពអ្នកសារព័ត៌មានអាជីពឡើយ។​

ចែធ្វើអី ចែឯងធ្វើ! សម្ដី​លោក មាស សារ៉ា ស្រែក​សួរ​ក្រុម​នារី​ដែល​ឈរតាមដង​ផ្លូវ​វេងស្រេង។ ក្រៅពី​នេះ អ្នកកាសែតរូបនេះ ក៏​អធិប្បាយ​លាយ​ឡំ​នឹង​ពាក្យ​សើច​ចំអក​ដល់​ក្រុម​នារី​ខាង​លើផងដែរ។ ជុំវិញ​សកម្មភាព​នៅ​ក្នុង​វីដេអូខ្លីនោះ លោក ទេព អស្នា​រិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ប្រាប់សារព័ត៌មាន​ ឲ្យដឹងថា ការសើចចំអក ឡកឡឺយ និងការប្រើកាយវិការមិនសមរម្យទៅលើប្រភពព័ត៌មាន ឬពលរដ្ឋដែលកំពុងរស់នៅតាមភាពប្រក្រតី គឺជាការបាត់បង់តម្លៃក្នុងនាមជាអ្នកផ្តល់ព័ត៌មាន។ 

«វាជាទង្វើមិនគោរពសិទ្ធិបុគ្គល និងឯកជនភាពរបស់អ្នកដទៃ។ ការដេញតាមថត និងបង្ខំសាកសួរអ្នកដែលព្យាយាមគេចចេញពីកាមេរ៉ា គឺជាការរំលោភលើសិទ្ធិសេរីភាពបុគ្គលយ៉ាងធ្ងន់ធ្ងរ»។ លោក ទេព អស្នា​រិទ្ធ បញ្ជាក់ដូច្នេះ។

បើតាម​អ្នក​នាំពាក្យរូបនេះ បណ្ណ​សម្គាល់​អ្នកសារព័ត៌មានរបស់​លោក មាស សារ៉ា ព័ត៌មាន ត្រូវបានបញ្ចប់សុពលភាពកាលពីខែសីហា ឆ្នាំ២០២៥។ លើសពីនេះ  ក្រសួងព័ត៌មាន ក៏​បានបិទអង្គភាពសារព័ត៌មានរបស់​លោក មាស សារ៉ា​ លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបំពានច្បាប់ និងក្រមសីលធម៌ធ្ងន់ធ្ងរ។

លោក ទេព អស្នា​រិទ្ធ៖«ដូច្នេះគាត់ពុំមានភាពស្របច្បាប់ជាអ្នកកាសែតទេ។ អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ៨ពាន់ នាក់ ទាំងប្រព័ន្ធផ្សាយបែបប្រពៃណី និងបែបថ្មី។ អ្នកសារព័ត៌មានទាំងនេះ​ មានបណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួង ដើម្បីធ្វើការងាររបស់ខ្លួនដោយស្របច្បាប់ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ»។

តាមការ​សង្កេតរបស់លោក ទេព អស្នារិទ្ធ ជំនួសឱ្យការរាយការណ៍អំពីបញ្ហាសង្គមដោយភាពហ្មត់ចត់ ទង្វើនេះជាការយកការរស់នៅប្រចាំថ្ងៃ ភាពទុក្ខព្រួយ ឬស្ថានភាពលំបាករបស់សង្គមធ្វើជាការលេងសើច។ អ្នកនាំពាក្យរូបនេះ បន្តថា​ សកម្មភាពរាយការណ៍ព័ត៌មានបែបនេះ ប្រើប្រាស់ស្ថានភាពទាំងនោះដើម្បីទាក់ទាញការចាប់អារម្មណ៍ ទទួលបានអ្នកទស្សនាច្រើន​ បម្រើគោលបំណងឯកជន។ ផ្ទុយទៅវិញ​ ទង្វើនេះអាចបង្កការរើសអើង បង្អាប់តម្លៃមនុស្ស ប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្សនិយាយជារួម និងអាចបង្កប៉ះពាល់ដល់តម្លៃស្ត្រី កុមារ ឬជនរងគ្រោះបើនិយាយដោយឡែក។

អ្នកនាំពាក្យ​ ចាត់ទុកទង្វើរបស់បុគ្គលមួយចំនួនតូច កំពុងជះផលអវិជ្ជមានដល់វិស័យសារព័ត៌មាន ប៉ះពាល់ដល់គុណតម្លៃអ្នកដែលមានវិជ្ជាជីវៈអាជីព និងអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។ ជាពិសេស​ បង្កការយល់ច្រឡំថា អ្នកសារព័ត៌មាន គឺជាអ្នកបង្កបញ្ហា ជាជាងអ្នកផ្តល់ព័ត៌មាន ឬរាយការណ៍ការពិត។

សូម​បញ្ជាក់ថា កាលពី​ខែ​សីហា ឆ្នាំ​២០២៥​  ក្រសួងព័ត៌មាន បានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះ បានចុះផ្សាយព័ត៌មានប៉ះពាល់​សន្តិសុខជាតិ។ បច្ចុប្បន្ន អ្នកកាសែតរូបនេះ បាន​ធ្វើការនៅ​ស្ថាប័នឈ្មោះ ​BNP Daily News៕



Post a Comment

Previous Post Next Post

Kdaily-news ads