(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃអង្គារ ទី៦ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសំខាន់មួយនៅសាលប្រជុំធំសាលាស្រុក ដឹកនាំដោយ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅអភិវឌ្ឍន៍ស្រុកក្នុងរយៈពេលអនាគត។
កិច្ចប្រជុំបានផ្តោតសំខាន់លើ៖
១. ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦–២០២៨) របស់រដ្ឋបាលស្រុក ដោយមានការវិភាគយ៉ាងម៉ត់ចត់ និងគិតគូរយ៉ាងប្រុងប្រយ័ត្នទៅលើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
២. រៀបចំដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) ដោយផ្តោតលើការកំណត់អាទិភាពអភិវឌ្ឍន៍ និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព និងប្រសើរឡើងបន្ថែម។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងសកម្ម និងទទួលបានការចូលរួមយ៉ាងទូលំទូលាយពីសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក មេឃុំ និងស្មៀនឃុំទាំង៥ ដែលបានរួមចំណែកផ្តល់យោបល់ស្ថាបនាសំខាន់ៗ។
តាមរយៈកិច្ចប្រជុំនេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង និងការគិតគូរយ៉ាងម៉ត់ចត់របស់រដ្ឋបាលស្រុក ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឲ្យមានទិសដៅច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ដោយ ឃិន សុខន






Post a Comment