(រតនៈគិរី)៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនៈគិរី ត្រូវបានប្រភពរាយការណ៍ថា បានចាប់ផ្តើមបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មក ដោយហាក់មិនមានការភ័យខ្លាចចំពោះវិធានការរដ្ឋបាល ឬការណែនាំពីអាជ្ញាធរខេត្តនោះឡើយ។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ អង្គភាព សារព័ត៌មានរាល់ថ្ងៃ បានធ្វើការផ្សាយព័ត៌មានអំពីទីតាំងល្បែងស៊ីសងខាងលើនេះរួចមកហើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ គឺមិនត្រឹមតែគ្មានការចុះបង្ក្រាបប៉ុណ្ណោះទេ តាមប្រភពបានឲ្យដឹងថា គិតមកដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នករៀបចំល្បែងបានធ្វើការផ្លាស់ប្តូរទីតាំង ពីភូមិជ្រៃ ទៅលេងនៅចំណុច ភ្នំយោលអង្តែន ក្នុងសង្កាត់យក្យឡោម ក្រុងបានលុងដដែល ដោយបន្តសកម្មភាពល្បែងយ៉ាងគគ្រឹកគគ្រេង។
ប្រភពបានប្រាប់អង្គភាព សារព័ត៌មានរាល់ថ្ងៃ ថា ទីតាំងល្បែងខាងលើ ត្រូវបានរៀបចំ និងដំណើរការដោយបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ ឡេង សំណាង រួមជាមួយដៃគូម្នាក់ទៀតឈ្មោះ ងួន សុវណ្ណា (ហៅ អូនធំ) ខណៈដែលបុគ្គលឈ្មោះ មេសា ត្រូវបានគេអះអាងថា ជាអ្នកជំនិតក្នុងការរៀបចំ និងគ្រប់គ្រងកម្មវិធីល្បែងទាំងមូល។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក ធូ ឃឿ អភិបាលក្រុងបានលុង ដើម្បីសុំការបំភ្លឺ ប៉ុន្តែទូរស័ព្ទមិនមានអ្នកទទួល។ ដូចគ្នានេះដែរ ការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនៈគិរី ក៏មិនមានការឆ្លើយតបឡើយ។ ចំណែកលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏មិនអាចទាក់ទងបានដូចគ្នា ខណៈលោក មុឹង នាថ អ្នកនាំពាក្យសាលាខេត្តរតនៈគិរី ក៏មិនមានអ្នកលើកទូរស័ព្ទផងដែរ។
ការអវត្តមាននៃការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធទាំងនេះ បានធ្វើឲ្យមហាជនកាន់តែមានការសង្ស័យថា តើមានមូលហេតុអ្វីនៅពីក្រោយ ដែលធ្វើឲ្យទីតាំងល្បែងស៊ីសងខុសច្បាប់អាចបើកដំណើរការយ៉ាងចំហរ និងគ្មានការបង្ក្រាបបែបនេះ?
បន្ថែមពីនេះ អ្នកសារព័ត៌មានក៏បានផ្ញើសាររាយការណ៍ជូនទៅឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី តាមប្រព័ន្ធ Telegram ផងដែរ ប៉ុន្តែមកទល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះ មិនទាន់មានការឆ្លើយតប ឬការចូលស្តាប់សារនោះនៅឡើយ។
ករណីនេះបានធ្វើឲ្យមហាជនចោទសួរថា តើគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” ដែលរាជរដ្ឋាភិបាលបានដាក់ចេញ មាន៥ចំណុចនោះ នៅមានប្រសិទ្ធភាពពិតប្រាកដឬទេ? ជាពិសេសចំណុចទី៥ ដែលបញ្ជាក់ថា ត្រូវតែគ្មានល្បែងស៊ីសងខុសច្បាប់ ហេតុអ្វីបានជាករណីនេះនៅតែអាចកើតមានយ៉ាងចំហរ ក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តរតនៈគិរី?
គួររំលឹកថា ល្បែងស៊ីសងដូចជា យូគី អាប៉ោង និងជល់មាន់ មិនមែនជាការកម្សាន្តធម្មតាទេ ប៉ុន្តែជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរ ដែលអាចបំផ្លាញទាំងជីវិតមនុស្ស និងសន្តិភាពសហគមន៍។ វាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ បង្កបំណុល កើតជម្លោះក្នុងគ្រួសារ និងអាចនាំឲ្យកើតមានបទល្មើសសង្គមជាច្រើន ដូចជា លួច ប្លន់ បោកប្រាស់ និងអំពើហិង្សា។
ក្នុងនាមជាអ្នកនាំសម្លេងប្រជាពលរដ្ឋ អង្គភាព សារព័ត៌មានរាល់ថ្ងៃ សូមសំណូមពរដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី មេត្តាពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើនេះឲ្យបានច្បាស់លាស់។
ជាមួយគ្នានេះផងដែរ អង្គភាពសារព័ត៌មាន ក៏សូមស្នើសុំឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ និងណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ ដើម្បីធានាឲ្យគោលនយោបាយ “ភូមិ–ឃុំ–សង្កាត់មានសុវត្ថិភាព” អនុវត្តបានជាក់ស្តែង មិនមែននៅត្រឹមតែពាក្យស្លោកនោះទេ។
ដូចពាក្យបុរាណបានពោលថា៖ “រនាមបាក់ យករនាបជួស តែសម្តីហួស គ្មានអ្វីជួសបានឡើយ”៕ដោយ ឃិន សុខន










Post a Comment