តើលោកយ៉ន ចន្នី ម្ចាស់សិប្បកម្មល្មើសច្បាប់ អាចរួចខ្លួនទេ? ខណៈឯកសារនិងភស្តុតាងកំពុងចងរឹត!


(មណ្ឌលគិរី)៖ ទីតាំងរោងសិប្បកម្មកែច្នៃផល និងអនុផលព្រៃឈើមួយកន្លែង ដែលដំណើរការដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ត្រូវបានកម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បើកប្រតិបត្តិការចុះបង្ក្រាបនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីដោយឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ការចុះត្រួតពិនិត្យជាក់ស្តែងបានរកឃើញថា ម្ចាស់ទីតាំងឈ្មោះ យ៉ន ចន្នី ភេទប្រុស អាយុ៣៨ឆ្នាំ បានបង្កើត និងដំណើរការរោងសិប្បកម្មកែច្នៃឈើ ព្រមទាំងសន្និធិផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលព្រៃឈើ ដែលជាការបំពានយ៉ាងច្បាស់លាស់លើច្បាប់ស្តីពីព្រៃឈើ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើន រួមមាន តាបឈូសឈើ ០១គ្រឿង ម៉ាស៊ីនគោយន្ត ០១គ្រឿង និងឈើអារប្រភេទលេខ១ (សុក្រម) ចំនួន ១១៥ដុំ/សន្លឹក ដែលសុទ្ធសឹងជាភស្តុតាងបញ្ជាក់ពីសកម្មភាពកែច្នៃ និងសន្និធិឈើខុសច្បាប់។

អំពើរបស់ម្ចាស់ទីតាំងខាងលើ ត្រូវបានចាត់ទុកថា ជាបទល្មើសធ្ងន់លើច្បាប់ស្តីពីព្រៃឈើ ពាក់ព័ន្ធនឹង:-ការបង្កើត និងដំណើរការរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ការកាន់កាប់ និងសន្និធិឈើប្រភេទមានតម្លៃ ដោយគ្មានប្រភពច្បាស់លាស់ស្របច្បាប់ ការប្រើប្រាស់ឧបករណ៍ និងមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ

យោងតាមច្បាប់ជាធរមាន ម្ចាស់ទីតាំងអាចប្រឈមមុខនឹងទោសពិន័យជាប្រាក់ និងទោសព្រហ្មទណ្ឌ រួមទាំងការរឹបអូសវត្ថុតាងទាំងអស់ និងអាចដល់កម្រិតផ្តន្ទាទោសដាក់ពន្ធនាគារ ប្រសិនបើរកឃើញថាបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរពិតប្រាកដ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានដកហូត និងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តនីតិវិធីតាមច្បាប់។ ការអនុវត្តច្បាប់យ៉ាងតឹងរឹងក្រោមការដឹកនាំនីតិវិធីដោយឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានមើលឃើញថា ជាជំហានដ៏ច្បាស់លាស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលជាបញ្ហាកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។នេះជាសារប្រមាន។  អាជ្ញាធរបានបញ្ជាក់ថា រាល់សកម្មភាពពាក់ព័ន្ធនឹងការកាប់ កែច្នៃ ដឹកជញ្ជូន ឬសន្និធិឈើខុសច្បាប់ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ដោយមិនមានការលើកលែងឡើយ!៕ដោយ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads