(ខេត្តសៀមរាប)៖ ករណីជីកអាចម៍ដីរបស់ ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល នៅតំបន់ភ្នំក្រោម កំពុងបង្កការព្រួយបារម្ភយ៉ាងរបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូល ខណៈសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងការអនុវត្តជាក់ស្តែងនៅលើទីតាំង បង្ហាញភាពផ្ទុយគ្នាដោយចំហ។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានថា ជាគោលការណ៍ រដ្ឋបាលខេត្តអនុញ្ញាតឲ្យជីកដីត្រឹម ៥ ម៉ែត្រ ប៉ុណ្ណោះ។ ប៉ុន្តែការអះអាងនេះ ត្រូវបានសារព័ត៌មាន និងប្រជាពលរដ្ឋចោទសួរយ៉ាងតឹងរឹង ព្រោះមិនស្របនឹងការអនុវត្តពិតប្រាកដនៅលើទីតាំងការដ្ឋាន។ តាមការចេញផ្សាយផ្ទាល់របស់សារព័ត៌មាន និងសំឡេងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ការជីកអាចម៍ដីនៅចំណុចឃ្លាំងទឹក ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប មិនបានអនុវត្តតាមសេចក្តីសន្យាក្នុងកិច្ចប្រជុំសាលាខេត្ត ដែលសុំជីកត្រឹម ៤ ម៉ែត្រ នោះទេ ប៉ុន្តែត្រូវបានចោទថា មានការជីកជម្រៅដល់ជាង២០ម៉ែត្រ ដែលលើសពីសុវត្ថិភាព និងលើសពីការអនុញ្ញាតជាក់ស្តែង។ ជាក់ស្តែង នៅទូទាំងក្រុងសៀមរាប ការអនុវត្តជាទូទៅ អនុញ្ញាតឲ្យជីកបានត្រឹម ២–៣ ម៉ែត្រ ប៉ុណ្ណោះ។ ដូច្នេះ ការអះអាងថា «ខេត្តអនុញ្ញាតបាន ៥ ម៉ែត្រ» បានបង្កសំណួរថា តើនេះជាការខ្វះការត្រួតពិនិត្យ ឬជាការបំភាន់ភ្នែកសាធារណជន?
យោងតាម ប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានរាល់ថ្ងៃថា= ករណីជីកអាចម៍ដីនៅតំបន់ភ្នំក្រោមនេះ ត្រូវបានចោទថា ពាក់ព័ន្ធទៅនឹងអភិបាលខេត្តសៀមរាបចាស់ ដែលសារព័ត៌មានសរសេរជាអក្សរកាត់ ឃ.ប៊.ស. ខណៈ អ្នកស្រី សម្បត្តិ ដានីញ៉ែល ត្រូវបានប្រភពអះអាងថា គ្រាន់តែជាអ្នកដើរតួនាទី កូនជឹង កូនឧក ប៉ុណ្ណោះ មិនមែនជាអ្នកសម្រេចចិត្តចម្បងនោះឡើយ។
បញ្ហាដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ជាក់ស្តែង គឺ ការរីងអណ្តូងទឹក ការខូចខាតប្រភពទឹកក្រោមដី និងហានិភ័យបាក់ដី ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ទោះមានការចុះពិនិត្យរបស់មន្ត្រីជំនាញកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយ ត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ សំខាន់ជាងនេះទៅទៀត ជាក់ស្តែង សកម្មភាពជីករណ្តៅយកអាចម៍ដី មិនបានបញ្ឈប់នៅឡើយ ទោះបីមានការចុះពិនិត្យ និងការអះអាងពីអាជ្ញាធរយ៉ាងណាក៏ដោយ។ អ្នកស្រី សម្បត្តិ ដានីញ៉ែល នៅតែបន្តជីកយកអាចម៍ដីពីរណ្តៅដ៏ជ្រៅ នៅក្នុងបរិវេណ តំបន់ក្នុងបរិវេណទំនប់ ៧៨ ចំណុចភ្នំក្រោម ដដែល ដែលធ្វើឲ្យសាធារណជនកាន់តែមានការសង្ស័យចំពោះប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ក្នុងបរិបទនេះ សារព័ត៌មាន និងប្រជាពលរដ្ឋ សូមគោរពសំណូមពរយ៉ាងទទួលខុសត្រូវ ដល់ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមមេតាពិនិត្យមើលផង នឹងស្នើសូម ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាពិនិត្យករណីនេះឡើងវិញ ឲ្យបានត្រឹមត្រូវ ឯករាជ្យ និងមានតម្លាភាព ហើយសូម ចេញរបាយការណ៍ជាសាធារណៈ ឲ្យសង្គមបានជ្រាបផងដែរថា៖ ការជីកនេះ ស្របច្បាប់ ឬលើសច្បាប់
តើត្រូវបញ្ជា បិទសកម្មភាពជាបន្ទាន់ ឬអនុញ្ញាតឲ្យ បន្តក្រោមលក្ខខណ្ឌណាខ្លះ ករណីនេះ មិនមែនជាបញ្ហារបស់បុគ្គល ឬក្រុមហ៊ុនណាមួយប៉ុណ្ណោះទេ! ប៉ុន្តែជាការសាកល្បង ទំនួលខុសត្រូវ សេចក្តីស្មោះត្រង់ និងការគោរពច្បាប់ របស់ស្ថាប័នពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈទាំងមូល៕ ដោយ ឃិន សុខន





Post a Comment