(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង បន្តបង្ហាញលទ្ធផលអភិវឌ្ឍន៍ ដើម្បីប្រជាជន ទោះមានការរិះគន់កន្លងមក
នៅក្នុងបរិបទដែលមហាជនកំពុងផ្តោតអារម្មណ៍ទៅលើសកម្មភាព និងសម្តីរបស់ឯកឧត្ដម ស សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏មានការពិតមួយមិនអាចបដិសេធបានថា ការអភិវឌ្ឍន៍ជាក់ស្តែង គឺជាចម្លើយដ៏មានតម្លៃជាងគេ សម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តម ស សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបន្តបង្ហាញពីឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការកសាងខេត្តឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មណ្ឌលនៃក្តីស្រឡាញ់ខេត្តស្ទឹងត្រែង ដែលជាគម្រោងមួយមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។
មណ្ឌលនេះ ត្រូវបានបង្កើតឡើងដើម្បីទទួលការបរិច្ចាគឈាមពីការស្ម័គ្រចិត្ត និងផ្គត់ផ្គង់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺក្នុងស្ថានភាពបន្ទាន់។ នេះជាសកម្មភាពមួយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងជាការបង្កើនសេវាសង្គ្រោះជីវិតក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាព។
ពាក្យថា (អំណោយឈាម គឺជាអំណោយជីវិត) មិនមែនត្រឹមតែស្លោកនោះទេ ប៉ុន្តែជាការអនុវត្តពិត ដែលឯកឧត្តមបាននាំមុខក្នុងការផ្លាស់ប្តូរពីគំនិតទៅជាការពិត។
ជាមួយគ្នានេះផងដែរ ការអភិវឌ្ឍន៍នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេលចុងក្រោយ បានបង្ហាញពីការកើនឡើងនៃហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងគម្រោងជាច្រើនដែលបម្រើប្រជាពលរដ្ឋដោយផ្ទាល់។ ទាំងនេះជាភស្តុតាងបញ្ជាក់ថា ការដឹកនាំមិនមែនសំខាន់ត្រឹមពាក្យសម្តី ប៉ុន្តែស្ថិតនៅលើលទ្ធផលដែលប្រជាពលរដ្ឋអាចមើលឃើញ និងទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។
ទោះបីជាមានការរិះគន់ខ្លះៗកន្លងមក ពាក់ព័ន្ធនឹងប្រសាសន៍របស់ឯកឧត្តមនៅថ្ងៃទី១៧ ខែមីនា២០២៦ ពាក់ព័ន្ធនឹងការនាំចូលនៃទំនិញពីប្រទេសជិតខាងក៏ដោយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាច្រើន ការអភិវឌ្ឍន៍ និងសមិទ្ធផលដែលកើតមានជាក់ស្តែងនៅក្នុងខេត្ត គឺជាកត្តាសំខាន់ជាងគេក្នុងការវាយតម្លៃ។
ក្នុងនាមជាអ្នកដឹកនាំមូលដ្ឋាន ឯកឧត្តម ស សុពុត្រា កំពុងបង្ហាញថា ការងារពិត និងលទ្ធផលជាក់ស្តែង គឺជាកម្លាំងធំជាងការរិះគន់ណាមួយ។ ហើយសម្រាប់ខេត្តស្ទឹងត្រែង ការរួមគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាគន្លឹះនាំឲ្យមានការរីកចម្រើនជាច្រើនវិស័យ។ ស្ទឹងត្រែង កំពុងផ្លាស់ប្តូរ… មិនត្រឹមតែដោយពាក្យ ប៉ុន្តែដោយសកម្មភាពពិត៕ ដោយ ឃិន សុខន









Post a Comment