Top News

ពលរដ្ឋអាម៉េរិកម្នាក់ ត្រូវជនឆបោកនៅប្រទេសថៃ បោកប្រាក់ជិត៦ម៉ឺនដុល្លារ សង្ស័យជាបណ្ដាញឆបោកអន្តរជាតិ.!

ថៃឡង់ដ៍៖ ជនបោកប្រាស់២នាក់ រួមមាន បុរសឥណ្ឌាម្នាក់ និងស្ត្រីថៃម្នាក់ បានចូលរួមធ្វើសកម្មភាពឆបោកពីបុរសរងគ្រោះជនជាតិអាម៉េរិកម្នាក់ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) ហើយប្រាក់ដែលបុគ្គលទាំងពីរបានបោកប្រាស់ មានចំនួនជិត ៦ម៉ឺនដុល្លារអាម៉េរិក ។

ដំបូងឡើយ ជនរងគ្រោះបានទទួលអ៊ីម៉ែល PayPay ក្លែងក្លាយ ពាក់ព័ន្ធនឹងការទិញកាក់ Bitcoin ។ នៅពេលជនរងគ្រោះទូរសព្ទទៅតាមលេខដែលបានផ្ដល់ឱ្យនោះ សមាជិកក្រុមបោកប្រាស់បានបញ្ចុះបញ្ចូលគាត់ឱ្យផ្ទេរប្រាក់សរុប ៥៩,៣៥០ ដុល្លារទៅកាន់គណនីធនាគាររបស់ក្រុមហ៊ុនមួយនៅឯបរទេស ។

នៅពេលនោះ ជនរងគ្រោះចាប់ផ្ដើមសង្ស័យបន្ទាប់ពីសម្គាល់ឃើញថា អ្នកឆ្លើយឆ្លងតាមទូរសព្ទជាមួយគ្នា ហាក់មានសំនៀងបែបអ្នករស់នៅក្នុងតំបន់អាស៊ីបូព៌ា ទោះបីជាលេខទូរសព្ទនោះជាលេខនៅសហរដ្ឋអាម៉េរិកក៏ដោយ ។
ជាបន្តមកទៀត ជនរងគ្រោះ ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់ ហើយបន្ទាប់ពីមានការស៊ើបអង្កេត ក៏បានដឹងថា ប្រាក់ទាំងនោះបានផ្ទេរយ៉ាងឆាប់រហ័សទៅកាន់ក្រុមហ៊ុនក្លែងក្លាយថ្មីមួយដែលទើបតែបានបង្កើតនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរអាម៉េរិក ក៏បានធ្វើការសម្របសម្រួលទៅកាន់ភាគីថៃ ។

ក្រោយមកអាជ្ញាធរនៅក្នុងប្រទេសថៃ ក៏បានរកឃើញថា ប្រាក់នោះត្រូវបានផ្ទេរទៅឱ្យបុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះហ្គូឌីប (Gurdeep) ដែលបានប្រើប្រាស់វាដើម្បីទិញមាសដុំនៅក្នុងទីក្រុងបាងកក។ បន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនលោក Gurdeep អាយុ ២៩ឆ្នាំ រស់នៅក្នុងខណ្ឌតាលីងចាន់ (Taling Chan) ក្រុងបាងកក និងស្ត្រីថៃឈ្មោះ វ៉ាន់ឌី (Wandee) អាយុ ៤១ឆ្នាំ រស់នៅខេត្តរ៉យអ៊ែត (Roi Et) ដែលត្រូវគេជួលឱ្យបើកគណនីធនាគារក្រុមហ៊ុនសម្រាប់បម្រើជាប្រយោជន៍ឱ្យក្រុមឧក្រិដ្ឋជន ។

ជាងនេះទៀត សមត្ថកិច្ចបានចោទប្រកាន់អ្នកទាំងពីរពីបទឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើនករណី រួមមាន ការក្លែងបន្លំ ប្រើប្រាស់ទិន្នន័យក្លែងក្លាយក្នុងប្រព័ន្ធកុំព្យូទ័រ អនុញ្ញាតឱ្យមានការប្រើប្រាស់គណនីធនាគារក្នុងផ្លូវខុសសម្រាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងលាងលុយកខ្វក់ ។
ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៥ លោក Gurdeep បានសារភាពពីគម្រោងបោកប្រាស់នេះ ដោយរៀបរាប់ថា ខ្លួនបានទិញមាសនៅក្នុងប្រទេសថៃព្រោះវាមានតម្លៃថោកជាង ហើយងាយស្រួលក្នុងការលួចនាំចូលទៅកាន់ប្រទេសឥណ្ឌាដោយបង្វែរមាសដុំទៅជាគ្រឿងអលង្ការ ។

បន្ថែមពីនេះ អាជ្ញាធរជឿថា អ្នកទាំងពីរនេះគឺជាផ្នែកមួយនៃបណ្ដាញបោកប្រាស់អន្តរជាតិដ៏ធំមួយ ដែលបានលួចប្រាក់ប្រហែល ៦១០,៦០០ ដុល្លារពីជនរងគ្រោះប្រហែល ២០ នាក់នៅសហរដ្ឋអាម៉េរិក និងអាហ្វ្រិក ហើយនៅខណៈនេះ អាជ្ញាធរកំពុងផ្តោតលើបញ្ហាដែលកំពុងកើនឡើងពាក់ព័ន្ធនឹងការប្រើប្រាស់គណនីក្រុមហ៊ុនក្លែងក្លាយដោយក្រុមបោកប្រាស់ ដើម្បីឆបោកជនរងគ្រោះ ជំនួសឱ្យការប្រើប្រាស់គណនីបុគ្គល ៕ប្រភព៖ Khaosod English |






Post a Comment

Previous Post Next Post

Kdaily-news ads