Top News

រដ្ឋបាលស្រុកអូររាំង បន្តពង្រឹងវិន័យ សាមគ្គីភាព និងប្រសិទ្ធភាពការងារ តាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ!


(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២រសៀល នៅសាលប្រជុំសាលាស្រុកអូររាំង រដ្ឋបាលស្រុកអូររាំង បានរៀបចំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំវិញស្រុក និងមានវិន័យខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សៀក មុន្នី អភិបាល នៃគណៈអភិបាលស្រុកអូររាំង ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីដឹកនាំទទួលខុសត្រូវ ខ្ពស់ វិស័យចក្ខុ និងការយកចិត្តទុកដាក់ចំពោះសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍមូលដ្ឋាន។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក, នាយក និងនាយករងរដ្ឋបាលស្រុក, ប្រធាន អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបី, មេឃុំ ស្មៀនឃុំ, មេភូមិ អនុភូមិ ព្រមទាំងប្រធាន អនុប្រធានសហគមន៍ ដែលបានបង្ហាញពីសាមគ្គីភាព និងការចូលរួមទទួលខុសត្រូវរួម ក្នុងការបម្រើប្រជាពលរដ្ឋ។

ជាកិច្ចចាប់ផ្តើម លោកអភិបាលស្រុក បានណែនាំឲ្យមន្ត្រីជំនាញ និងកងកម្លាំងទាំងបី ធ្វើសេចក្តីរាយការណ៍លម្អិត អំពីសកម្មភាពការងារកន្លងមក លទ្ធផលសម្រេចបាន បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីពិភាក្សា ដោះស្រាយ និងដាក់ចេញនូវទិសដៅការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរដ្ឋ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

តាមរយៈកិច្ចប្រជុំនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា រដ្ឋបាលស្រុកអូររាំង កំពុងដឹកនាំការងារដោយមានការរួមបញ្ចូលគ្នា មានវិន័យការងារ មានភាពបើកចំហ និងផ្តោតលើលទ្ធផលជាក់ស្តែង ដើម្បីធានាសន្តិសុខ សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងទាំងមូល៕អត្ថបទ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads