របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវអស់ប៉ុន្មានថ្ងៃ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនដៃដល់ នៅចំណុចភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សំអាត សីលា អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ(ស្លាប់) និងប្រពន្ធឈ្មោះ អ៉ឹម សុគឹម អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ (របួស)។ ដោយឡែក ជនដៃដល់ឈ្មោះ ឃុត ខេន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ និងជនសង្ស័យផឹកស៊ីជាមួយគ្នា រួចក៏មានទំនាស់ពាក្យសំដីគ្នា ស្រាប់តែជនសង្ស័យយកកាំបិតបុ័ងតោ កាប់ជនរងគ្រោះឈ្មោះ សំអាត សីលា ពីក្រោយត្រូវ១កាំបិត ហើយកាប់១កាប់បិតទៀត តែត្រូវបានជនរងគ្រោះ អ៉ឹម សុគឹម ជាប្រពន្ធឃើញ ក៏យកដៃស្ដាំទៅរងត្រូវមួយកាំបិត ហើយជនសង្ស័យកាប់មួយកាំបិតទៀត ចំក្បាលជនរងគ្រោះឈ្មោះ សំអាត សីលា បណ្ដាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យក៏រត់គេចខ្លួន។
ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានកម្មករដូចគ្នាជួយដឹកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។ លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ សំអាត សីលា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ទើបប្រពន្ធជនរងគ្រោះ មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។
ចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា នៅថ្ងៃកើតហេតុខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោ ដែលជាកាំបិតរបស់ចុងភៅធ្វើម្ហូបឲ្យកម្មករនៅក្បែរកន្លែងកើតហេតុ កាប់ទៅលើជនរងគ្រោះចំក្បាលខាងក្រោយចំនួន៣កាំបិត និងប៉ះដៃរបស់ប្រពន្ធជនរងគ្រោះចំនួន១កាំបិតពិតប្រាកដមែន។ ដោយមូលហេតុ ជនសង្ស័យខឹងនឹងជនរងគ្រោះឈ្មោះ សំអាត សីលា បានជេប្រមាថខ្លួនពេលកំពុងផឹកស៊ី។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងដើម្បី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕







Post a Comment