ពាក់ព័ន្ធនឹងទង្វើខុសឆ្គង ការប្រព្រឹត្តផ្ទុយសីលធម៌សង្គម និងសកម្មភាពបំពានក្រមសីលធម៌ និងការបំពាននិយាមប្រតិបត្តិនៃការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម(Community standard) ឧទាហរណ៍ដូចជាការប្រើពាក្យពេចន៍អសុរោះ ការម៉ាក់ងាយ ប្រមាថ ការញុះញង់ឱ្យមានការរើសអើងក្នុងសង្គម អរិភាពជាតិសាសន៍ ការផ្សាយមាតិកាបែបលេងសើចហួសហេតុ(prank) ឬការបង្កើត ចែកចាយព័ត៌មានក្លែងក្លាយ តែងបានកើតឡើងជារឿយៗ។
ដើម្បីធានាលំហព័ត៌មានឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ក្រសួងព័ត៌មាន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ នេះ បានដាក់ចេញសេចក្តីណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ហើយបានរៀបចំកិច្ចប្រជុំតម្រង់ទិសជូនដល់អ្នកបង្កើតមាតិកាលើបណ្តាញសង្គមចំនួន ៣លើកធំៗ ដោយផ្តោតលើការលើកកម្ពស់ការបង្កើត ផ្សាយមាតិកាមានគុណភាព ដោយក្រមសីលធម៌ និងជម្រុញការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ អនុលោមតាមសីលធម៌សង្គម និងនិយាមប្រតិបត្តិនៃការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម(Community standard) ។
ក្នុងកិច្ចប្រជុំកន្លងមក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានណែនាំដោយសង្កត់ធ្ងន់លើប្រការនានាដែលអ្នកបង្កើតមាតិកាលើបណ្តាញសង្គមត្រូវចៀសវាង ពិសេសគឺការផ្សាយដែលបង្កលផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម ហើយត្រូវចូលរួមលើកតម្កើងតម្លៃនៃការផ្សព្វផ្សាយព័ត៌មានព័ត៌មានត្រឹមត្រូវ មានគុណភាពផ្តល់ប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ និងចូលរួមលើកកម្ពស់តម្លៃសហគមន៍ និងសង្គមជាតិ។
ក្នុងបរិបទបច្ចុប្បន្ន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវចូលរួមលើកកម្ពស់ការទទួលខុសត្រូវនៅពេលផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមគ្រប់ប្រភេទ។ សូមប្រកាន់ខ្ជាប់ការគោរពសីលធម៌សង្គម និយាមប្រតិបត្តិសម្រាប់ការប្រើប្រាស់បណ្តាញសង្គម និងត្រូវផ្សាយ ឬចែករំលែកព័ត៌មានដោយអនុលោមតាមលិខិតបទដ្ឋាន សេចក្តីណែនាំពាក់ព័ន្ធរបស់ក្រសួង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ សូមជម្រាបជូនថា ផ្អែកតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់កម្ពុជា ត្រង់ចំណុចទី១២ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវ៖ ចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម, ត្រូវចូលរួមបំផុស និងបញ្ជ្រាបគោលការណ៍ពហុភាពក្នុងសង្គម និងតម្លៃផ្សេងៗគ្នា នៃបុគ្គល និងសង្គម, ត្រូវចូលរួមអប់រំសង្គម និងផ្តល់ពុទ្ធិដល់សាធារណជន។
តាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដដែល ត្រង់ចំណុចទី១៣៖ បុគ្គល ឬអ្នកគ្រប់គ្រងអង្គភាព ដែលអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវចៀសវាង ការបំផុស ញុះញង់ ឬគាំទ្រព័ត៌មាន ដែលញុះញង់ឱ្យមានការរើសអើង ការស្អប់ខ្ពើមលើជាតិសាសន៍ ពណ៌សម្បុរ ឋានៈក្នុងសង្គម ឬនិន្នាការនយោបាយជាដើម។ សូមជម្រាបជូនថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់កម្ពុជា ជានិយាមអប្បបរិមានៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អនុវត្តចំពោះអ្នកសារព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន សោតទស្សន៍ ទាំងអស់ ទាំងអាជីព និងមិនមែនអាជីព ក្នុងនោះមានអ្នកបង្កើតមាតិកាលើបណ្តាញសង្គម MMOអ្នកសរសេរប្លុក អ្នកសារព័ត៌មានពលរដ្ឋ អ្នករកប្រាក់តាមប្រព័ន្ធអនឡាញគ្រប់ទម្រង់ និងអ្នកមានប្រជាប្រិយភាព KoL ។
ក្នុងបរិការណ៍នេះ ក្រសួងព័ត៌មានបាននិងកំពុងបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយ -បានដាក់ឱ្យគោរពនិងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន, -បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម, -ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដែលនៅជាធរមានបច្ចុប្បន្ន និងកំពុងដំណើរការធ្វើបច្ចុប្បន្នភាពលើច្បាប់នេះ ដើម្បីឱ្យស្របនឹងការវិត្តក្នុងសង្គមបច្ចុប្បន្ននិងទៅអនាគត, បានសិក្សាដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ បទដ្ឋានសម្រាប់ពង្រឹងការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ និងលិខិតបទដ្ឋានមួយចំនួនទៀត ក៏ដូចជាការរៀបចំគោលការណ៍ណែនាំនានាពាក់ព័ន្ធការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសុក្រឹតនិងត្រឹមត្រូវតាមវគ្គសព្ទ និងវាយ្យករណ៍ ក្នុងនោះមានរាជសព្ទ សង្ឃសព្ទជាដើម, -បាននិងកំពុងបន្តផ្តល់នូវចំណេះដឹងផ្នែកអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន, -បានពង្រឹងនិងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ក្នុងចំណោមកិច្ចការសំខាន់ៗផ្សេងៗទៀត។









Post a Comment