Top News

ឃាត់ខ្លួនមនុស្ស ៤ នាក់ បន្ទាប់ពីបង្ហោះដ្រូនល្មើសបទបញ្ជាហាមឃាត់!



(កំពង់ស្ពឺ)៖ មនុស្សចំនួន ០៤ នាក់ ត្រូវបានកម្លាំងកងការពារសន្តិសុខរបស់វិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) ធ្វើការឃាត់ខ្លួន ខណៈពេលកំពុងបង្ហោះយានគ្មានមនុស្សបើក (ដ្រូន) នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីធ្វើសកម្មភាពរុករករ៉ែ ក្នុងកំឡុងពេលដែលរដ្ឋបាលខេត្តកំពង់ស្ពឺ និងទូទាំងប្រទេស បានដាក់បទបញ្ជាហាមឃាត់ជាបណ្តោះអាសន្ន។

ការឃាត់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៤០ នាទី ព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩១ ដល់ ៩២ ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មនុស្សទាំង ០៤ នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ សំ រាជ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិសំពោងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

២- ឈ្មោះ យន់ ប៊ុនឆាយ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

៣- ឈ្មោះ មៀច វិបុលរាជ្យ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

៤- ឈ្មោះ ទូច វណ្ណា ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង

មន្ត្រីដដែលបានបញ្ជាក់ថា មនុស្សទាំង ០៤ នាក់ គឺជាក្រុមការងាររបស់ក្រុមហ៊ុនឯកជនមួយ ដែលធ្វើសកម្មភាពរុករករ៉ែ និងប្រេង មានការអនុញ្ញាតពីរាជរដ្ឋាភិបាល សហការជាមួយក្រសួងរ៉ែ និងថាមពល ប៉ុន្តែការបង្ហោះដ្រូនក្នុងកំឡុងពេលហាមឃាត់នេះ ត្រូវបានចាត់ទុកថា ល្មើសនឹងបទបញ្ជាសន្តិសុខ។

ក្រោយការឃាត់ខ្លួន កម្លាំងវិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) បានប្រគល់មនុស្ស និងវត្ថុតាងមួយចំនួនជូនអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធីតាមច្បាប់ រួមមាន៖

 • មនុស្សចំនួន ០៤ នាក់

 • ទូរស័ព្ទដៃ ចំនួន ០៤ គ្រឿង (iPhone ០៣, Samsung ០១)

 • កុំព្យូទ័រយួរដៃ ចំនួន ០៣ គ្រឿង (Apple ០១, Dell ០២)

 • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០៤ សន្លឹក

 • ម៉ាស៊ីន GPS ចំនួន ០១ គ្រឿង

 • កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន ០១

 • រថយន្ត ០១ គ្រឿង ម៉ាក Toyota Highlander ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9928


ចំពោះឧបករណ៍ដ្រូន ត្រូវបានខាងវិទ្យាស្ថានដកហូតរក្សាទុកជាវត្ថុតាង។

បច្ចុប្បន្ន មនុស្សទាំង ០៤ នាក់ កំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីបន្តការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត៕





Post a Comment

Previous Post Next Post

Kdaily-news ads