ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈបូក ទៅលើនារីរងគ្រោះម្នាក់ នៅផ្ទះសំណាក់ និងនៅលើម៉ូតូកង់បីឥណ្ឌា ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ ស្រែសុវណ្ណបូទិចបន្ទប់ B999 ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចក្រុងតាខ្មៅ អោយដឹងថា ជនរងគ្រោះមានឈ្មោះ ស.ខ.ណ.ក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ កូនជាងសាឡន ។
ចំណែកជនសង្ស័យចំនួន០៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ៖
១-ឈ្មោះ ប៊ឹន យ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកផ្ទះសំណាក់ (ឃាត់ខ្លួន) ។
២-ឈ្មោះ ខុំ ខេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកផ្ទះសំណាក់ (ឃាត់ខ្លួន)។ ជនសង្ស័យទាំងពីរ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន) ។
៣-ឈ្មោះ នន ចាន់ត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បី (ឃាត់ខ្លួន)។ គ្មានសារធាតុញៀនក្នុងទឹកនោម ។
ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង ៖
១-ម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ស ផលិតឆ្នាំ២០២៥ ស្លាកលេខភ្នំពេញ 1LV-9321 ។
២-ទូរសព្ទ ០១គ្រឿង ម៉ាក OppoA60 ពណ៌ខ្មៅ ។
៣-ទូរសព្ទ ០១គ្រឿង ម៉ាក iPhone11 ពណ៌ត្រាវ ។
៤-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចក្រុងតាខ្មៅ បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីរងគ្រោះ បានកក់(បុកឃីង)ផាស់អាប់របស់ឈ្មោះ នន ចាន់ត្រា ជិះមកចេញពីផ្ទះនៅខណ្ឌពោធិសែនជ័យ មកយកសង្សារបស់ខ្លួនម្នាក់ឈ្មោះ ចេន វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ នៅម្តុំរង្វង់មូលព្រែកសំរោង ហើយនាំគ្នាជិះចូលទៅដេកផ្ទះសំណាក់ ស្រែសុវណ្ណបូទិច បន្ទប់លេខ B999 ។ បន្ទាប់មក សង្សារបានដេកជាមួយនារីរងគ្រោះរួចហើយ ក៏បានពឹងអ្នករត់ផាសអាប់ឈ្មោះ នន ចាន់ត្រា អោយឌុបជូនទៅរកទិញបាយហូបមួយភ្លែត ដោយទុកនារីរងគ្រោះ អោយចាំនៅក្នុងផ្ទះសំណាក់តែម្នាក់ឯង ។ លុះបានមួយសន្ទុះ ក៏ឃើញអ្នករត់ផាសអាប់មកវិញតែម្នាក់ឯង ហើយបាននិយាយប្រាប់នារីរងគ្រោះថា ៖ «សង្សារអ្ហែងមិនមកវិញទេ វាទៅបាត់ហើយ វាបោកអ្ហែងទេ» ។ ពេលនោះ មេការផ្ទះសំណាក់ ក៏បានមកទារលុយថ្លៃបន្ទប់ ប៉ុន្តែជនរងគ្រោះឆ្លើយប្រាប់ថា «មិនមានលុយដាក់មកតាមខ្លួនទេ» ។ បុរសឈ្មោះ ប៊ឹន យ៉ា ជាមេការផ្ទះសំណាក់រូបនោះ ក៏បាននិយាយថា «បើអត់លុយអោយថ្លៃបន្ទប់ទេ ចឹងមានតែរួមភេ.ទកាត់កង» ពេលនោះ រូបនាងដោយសារភ័យខ្លាចគេចាប់ ក៏បានយល់ព្រមជាមួយមេការផ្ទះសំណាក់រូបនោះ ។ បន្ទាប់មក មានឈ្មោះ ខុំ ខេង ជាបុគ្គលិកផ្ទះសំណាក់ ក៏បានមករួមភេទជាមួយនារីរងគ្រោះ រហូតបានសម្រេចម្នាក់ម្តងៗ ។
សមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងបន្ថែមថា ក្រោយពីរួមភេទជាមួយមេការ និងបុគ្គលិកផ្ទះសំណាក់ ទាំងពីរនាក់នោះរួច នារីរងគ្រោះក៏បានហៅអ្នករត់ផាស់អាប់ឈ្មោះ នន ចាន់ត្រា ឲ្យឌុបជូនទៅផ្ទះវិញ នៅពេលឌុបជិតដល់ផ្ទះ អ្នករត់ផាសអាប់ឈ្មោះ នន ចាន់ត្រា បានទារលុយចំនួន ១០ម៉ឺនរៀល តែនារីរងគ្រោះគ្មានលុយអោយ ពេលនោះ អ្នករត់ផាសអាប់ ក៏បានសុំរួមភេទជាមួយដើម្បីកាត់កង ។ បន្ទាប់មក អ្នករត់ផាសអាប់ ក៏បានធ្វើសកម្មភាពលើផាសអាប់ រហូតបានសម្រេចម្តងទៀត ហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅ ។
លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ អោយជួយអន្តរាគមន៍រកយុត្តិធម៌អោយខ្លួន ។ ហើយជនសង្ស័យចំនួន០៣នាក់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃខែដដែល ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានរៀបប្រាប់សមត្ថកិច្ចថា ពួកគាត់ពិតជាបានរួមភេ.ទជាមួយ នារីរងគ្រោះ រហូតបានសម្រេចម្នាក់ម្តងៗ កាត់កងតម្លៃជួលបន្ទប់ផ្ទះសំណាក់ និងកាត់កងតម្លៃជិះផាសអាប់ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនិតិវិធិ នៃច្បាប់ ៕







Post a Comment