Top News

មេបញ្ជាការរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ២នាក់!



កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៩:៤៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុង ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

លោកវរសេនីយ៍ត្រី ដាំ ស៊ីណាន់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំង ៥នាក់ ចុះល្បាតចល័តក្នុងភូមិសាស្ត្រស្រុក។ លុះដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ឈ្មោះ ស្រេង វុទ្ធី (ប្រុស, ៣៥ឆ្នាំ) មុខរបរជាងម៉ូតូ មានទីលំនៅភូមិកោះកែវក្រោម ដើរចេញពីផ្ទះឈ្មោះ ដុក ឆាយ (ប្រុស, ៤១ឆ្នាំ) ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន។ ដោយមានការសង្ស័យ កម្លាំងជំនាញក៏ឃាត់សួរនាំជនសង្ស័យទាំងពីររូបតែម្ដង។

ជនសង្ស័យឈ្មោះ ស្រេង វុទ្ធី បានសារភាពថា ខ្លួនបានមករកទិញថ្នាំញៀនពីឈ្មោះ ដុក ឆាយ តែ ដុក ឆាយ បានប្រាប់វិញថា អត់មានថ្នាំញៀនទេ។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងជំនាញបានបន្តឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ ដុក ឆាយ នៅវេលាម៉ោង ០៩:៥៣នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានរកឃើញវត្ថុតាងជាសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង ២នាក់ ត្រូវបានរកឃើញថាមានសារធាតុញៀនវិជ្ជមាន (+) ទាំងពីរនាក់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads