មណ្ឌលគីរី៖ នៅព្រឹកថ្ងៃនេះ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ នៃសាកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រីថ្នាក់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើដំណើរទៅចែកអំណោយជូនប្រជាពលរដ្ឋចំនួន ២០៣ គ្រួសារ នៅស្រុកកោះញែក ដែលរងគ្រោះដោយសារបាតុភូតធម្មជាតិ។
ក្នុងឱកាសដ៏មានន័យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី, មន្ត្រីសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរមូលដ្ឋាន។
អំណោយទាំងនេះ គឺជាការបង្ហាញនូវសេចក្តីមេត្តាករុណា និងចិត្តមនុស្សធម៌ដ៏ខ្ពង់ខ្ពស់របស់សម្តេច និងសាកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកដែលកំពុងរងការលំបាក។
បងប្អូនប្រជាពលរដ្ឋទទួលបានអំណោយដោយមុខសើច បង្ហាញពីអំណរគុណ និងសេចក្តីស្រឡាញ់ចំពោះម្តាយក្តីស្រឡាញ់របស់ជាតិ — សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងឆ្លើយតបនឹងការលំបាករបស់ប្រជាជនយ៉ាងទៀងទាត់។
ការចូលរួមជួយលើកនេះ មិនត្រឹមជាការផ្តល់អំណោយទេ ប៉ុន្តែជាការផ្តល់សេចក្តីសង្ឃឹម និងកំលាំងចិត្តដល់បងប្អូនរងគ្រោះឱ្យមានជីវិតថ្មីពោរពេញដោយសុភមង្គល និងសន្តិភាព។
សូមបញ្ជាក់ថាអំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាផ្ដល់ជូនលើកទី២នៅក្នុងឆ្នាំ២០២៥បន្ទាប់ពីការរងគ្រោះដោយទឹកជំនន់ភ្លៀងរហ័សកាលពីខែកញ្ញា ប៉ះពាល់ដល់ផ្ទះសំបែងសម្ភារៈប្រជាពលរដ្ឋចំនួន៩៥០ គ្រួសារនៅក្នុងស្រុកកែវ សីមានឹងស្រុកកោះញែក៕ អត្ថបទ ឃិន សុខន










Post a Comment