(ខេត្តក្រចេះ)៖ ក្នុងនាមជា នាយកប្រតិបត្តិ «សារព័ត៌មាន រាល់ថ្ងៃ» និងជាតំណាងសំឡេងប្រជាពលរដ្ឋ ខ្ញុំ សូមលើកឡើងជាផ្លូវការ និងជាក់លាក់ថា បញ្ហាក្នុងតំបន់ ពាមប៉ោ កំពុងក្លាយជាបញ្ហាប្រចាំថ្ងៃ ដែលមិនអាចមើលរំលងបានឡើយ។ ក្រុមហ៊ុនវៀតណាម សុវណ្ណ វុទ្ធី តាមការរាយការណ៍ពីប្រជាពលរដ្ឋ បានធ្វើសកម្មភាព បិទផ្លូវចាស់បូរាណ ដែលជាផ្លូវប្រើប្រាស់ជារៀងរាល់ថ្ងៃរបស់កសិករ ដោយមិនអនុញ្ញាតចរាចរណ៍ឱ្យឆ្លងកាត់។
ផ្លូវនោះ គ្រាន់តែមានចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែវាជាផ្លូវសំខាន់បំផុតសម្រាប់កសិករ ដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន រួមមាន ដំឡូងមី សណ្តែកដី សណ្តែកសៀង និងផលចម្ការផ្សេងៗ ទៅកាន់ទីផ្សារ។
ប៉ុន្តែជំនួសឱ្យការចូលរួមឱ្យមានចំណូលចិត្តថ្នាក់ជាតិ ក្រុមហ៊ុនវិញ បានធ្វើផ្លូវវាងឡើងភ្នំខ្ពស់ ដោយប្រជាពលរដ្ឋពិតជាមិនអាចប្រើប្រាស់បានឡើយ។ ឡានកែឆ្នៃដឹកបញ្ចេញផលិតផល មិនអាចឡើងភ្នំបាន គោយន្តកន្ត្រៃកាន់តែពិបាកឡើងទៅទៀត ហើយនាំឱ្យការដឹកជញ្ជូនខាតបង់ពេល ប្រាក់ និងគុណភាពផលិតផលយ៉ាងច្រើន។
តាមអ្វីដែលប្រជាពលរដ្ឋរាយការណ៍ ផ្លូវដែលក្រុមហ៊ុនបិទនោះ មិនមែនជាផ្លូវថ្មី ឬផ្លូវឯកជនឡើយ។ វាជាផ្លូវប្រើប្រាស់ជាពីបុរាណ មកតាំងពីជីដូនជីតាពួកគាត់ម្លេះ។ ផ្លូវនេះមានលក្ខណៈរាបស្មើងាយស្រួលដឹកជញ្ជូន មិនមានការឡើងភ្នំចុះភ្នំដូចផ្លូវដែលក្រុមហ៊ុនជួសជុលជំនួសទុកឱ្យប្រើនេះទេ។
សារព័ត៌មាន «រាល់ថ្ងៃ» សូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងសូមស្នើរឱ្យថ្នាក់ដឹកនាំស្រុកស្នួល និងថ្នាក់ដឹកនាំខេត្តក្រចេះ មេតាចូលរួមពិនិត្យយ៉ាងរហ័ស និងមានវិធានចំណាត់ការបន្ទាន់ ដើម្បី៖ ស្ដារផ្លូវប្រើប្រាស់សាធារណៈឱ្យត្រលប់មកដូចដើម ឬធ្វើឱ្យផ្លូវ ដែលពួកគាត់ធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលបាន។
ឬក៏សម្របសម្រួលជាមួយក្រុមហ៊ុនឱ្យបញ្ឈប់សកម្មភាពបិទផ្លូវ
ការពារសិទ្ធិកសិករ ដែលពួកគាត់ខំធ្វើការសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចប់ការបាត់បង់ផលចំណេញ និងកាត់បន្ថយកង្វះខាតដែលកំពុងកើតឡើង។
ការបិទផ្លូវ លំនាំចាស់ ជាសាធារណៈដោយឯកជន មិនមែនជាការអនុញ្ញាតដោយច្បាប់ឡើយ ហើយក្លាយជារឿងដែលប៉ះពាល់ផ្ទាល់ដល់ក្តីរស់របស់ប្រជាពលរដ្ឋជាច្រើនសិបគ្រួសារ។ សេចក្តីស្នើនេះ គឺជាសម្លេងពីដីពាមប៉ោ ដែលទាមទារឲ្យមានការចូលរួមយ៉ាងត្រូវច្បាប់ និងយ៉ាងគ្រប់គ្រាន់ពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្ត។
«សារព័ត៌មានរាល់ថ្ងៃ»បន្តតាមដាន និងរាយការណ៍ជូនសាធារណជននៅពេលក្រោយទៀត ដែលមានការដោះស្រាយ៕អត្ថបទ ឃិន សុខន






Post a Comment