Top News

ជនបរទេសជាច្រើននាក់ នាំគ្នារត់ចេញពីអគារមួយកន្លែងនៅខេត្តបន្ទាយមានជ័យ ពុំទាន់ដឹងមូលហេតុ!👇


មានជនបរទេសជាច្រើននាក់ដែលភាគច្រើនគេស្គាល់ថាជាជនជាតិឥណ្ឌូនេស៊ី បានរត់ចេញពីទីតាំងអគារកម្ពស់ច្រើនជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់។ ហេតុការណ៍ដែលមានជនបរទេសរត់ចេញពីទីតាំងអគារដែលហ៊ុំព័ទ្ធដោយរបងបិទជិតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ០៨ ខែវិច្ឆិកាឆ្នាំ ២០២៥។

ជុំវិញហេតុការណ៍នេះ មានប្រភពជាច្រើនបានអះអាងផ្សេងៗគ្នា ក្នុងនោះបើយោងតាមប្រភពពីខាងក្រៅកន្លែងកើតហេតុ និងតាមរយៈរូបភាពវីដេអូមួយចំនួនបានឲ្យដឹងថា ពិតជាមានជនបរទេសប្រមាណ ២០ នាក់ដោយភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីបាននាំគ្នារត់ចេញពីក្នុងអាគារខាងលើពិតមែន។ តាមរយៈវីដេអូ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម ក្នុងនោះឃើញជនជាតិចិនហាក់មានការទាញប្រទង់គ្នានៅនឹងមុខទ្វារចូលនៃទីតាំងអគារនោះដែរ ដោយពុំដឹងថាជាមូលហេតុអ្វីនោះទេ។

ដោយឡែកបើតាមប្រភពផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ ជាសន្តិសុខនៅទីតាំងអគារខាងលើបានឲ្យដឹងថា ទីតាំងនៃអគារដែលកើតហេតុនេះគឺជាទីតាំងអគារជួលរបស់ជនជាតិចិន។ ហើយដោយមានជនជាតិឥណ្ឌនេស៊ីស្នាក់នៅប្រកបការងារអនឡាញ បានលួចលុយជនជាតិចិនបង្កឲ្យជនជាតិចិនប្រើហិង្សាវ៉ៃទៅលើជនជាតិឥណ្ឌូនេស៊ី។ បន្ទាប់មក ក្រុមជនជាតិឥណ្ឌូនេស៊ីធ្វើការប្រចាំនៅក្នុងនោះ បានប្រឆាំងហើយក៏កើតជារឿងនាំគ្នាចេញមកខាងក្រៅតែម្ដង។


ដោយឡែកបើតាមប្រភពពីស្ត្រីម្នាក់ ដែលអះអាងថាខ្លួនធ្វើការនៅខាងក្នុងអគារបាននិយាយថាមិនមានករណីហេតុការណ៍អីកើតឡើងទេគឺជារឿងធម្មតាដែលជនជាតិឥណ្ឌូនេស៊ីចេញទៅក្រៅទិញអីធម្មតាតែប៉ុណ្ណោះ។

ក្រោយហេតុការណ៍នេះកើតឡើង ក៏មានសមត្ថកិច្ចនគរបាលបានចុះទៅទីតាំងនោះផងដែរតែពុំមានការបញ្ជាក់ឬផ្ដល់ព័ត៌មានណាមួយពីសមត្ថកិច្ចឱ្យអ្នកព័ត៌មានបានដឹងនោះឡើយ។ ទាក់ទងនឹងករណីនេះ កម្ពុជាថ្មី បានធ្វើការទំនាក់ទំនងសូមការបំភ្លឺពីលោក អេង លីហួរ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ តាមរយៈតេឡេក្រាម ប៉ុន្តែពុំមានការឆ្លើយតបនៅឡើយទេ៕



Post a Comment

Previous Post Next Post

Kdaily-news ads