Top News

ខេត្តមណ្ឌលគិរីស្វាគមន៍ក្រុមរថយន្តចម្រុះប្រមាណ ៤០០គ្រឿង ក្នុងព្រឹត្តិការណ៍ “ឦសាន្ត OVERLAND” លើកទី២ ឡើងវិញ ដើម្បីលើកកម្ពស់ទេសចរណ៍បែបអេកូ និងធនធានធម្មជាតិទៅកាន់ពិភពលោក!


(មណ្ឌលគិរី)៖ កំពុងបន្តបង្ហាញខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិកំពូលមួយនៅភាគឦសាន្ត កម្ពុជា។ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍ ក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកដល់ខេត្តមណ្ឌលគិរី ក្នុងគោលបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍ និងលើកស្ទួយសក្តានុពលធនធានធម្មជាតិមេត្តរបស់ខេត្តទៅកាន់អ្នកទស្សនាពិភពលោក។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញតាងសំណេះសំណាល និងផ្តល់សារស្វាគមន៍ដ៏កក់ក្ដៅ ដល់ក្រុមអ្នកធ្វើដំណើរ (Caravan Overland) ដែលចូលរួមក្នុងព្រឹត្តិការណ៍ ឦសាន្ត OVERLAND លើកទី២ ប្រព្រឹត្តទៅនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ព្រឹត្តិការណ៍មហាការណ៍នេះ រួមមានសហការពីក្រុម Off Road និងសហគមន៍ចម្រុះជាច្រើន ដូចជា CPG-Overland, TAC, OFFROAD កម្ពុជា, XROAD, គោព្រៃមណ្ឌលគិរី, OFFROAD4X4 រតនគិរី, គោព្រៃ4WD, បាឡែនកម្ពុជា, LCG TRT និងក្រុមបោះតង់ CAT។ ក្រុមទាំងនេះ បានបង្ហាញពីកម្លាំងសហគមន៍អ្នកស្រលាញ់ធម្មជាតិ និងចូលចិត្តចែករំលែកបទពិសោធន៍បែប Adventure និង Off-Road ទៅកាន់សហគមន៍ទូទាំងប្រទេស។

លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍លើកទី២នេះ គឺមានគោលបំណងជំរុញកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុក និងបន្តផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ជាពិសេសទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងវប្បធម៌ជនជាតិដើមភាគតិច ដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចប្រងាលតម្លៃបាន។

អាជ្ញាធរខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ក្រុមអ្នកបង្កើតមាតិកា សហគមន៍អ្នកដំណើរ បណ្តាញសង្គម និងប្រជាពលរដ្ឋ ដែលបានចូលរួមលើកសូរស័ព្ទនូវកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរីឱ្យកាន់តែធំល្បី។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយលើកកម្ពស់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែម្ដងទៀតបង្ហាញថា ខេត្តមណ្ឌលគិរី មានសមត្ថភាពទទួលទានកម្មវិធីធំៗ និងមានសក្តានុពលក្លាយជាគោលដៅតំបន់ទេសចរណ៍អន្តរជាតិឱ្យកាន់តែច្បាស់លាស់។

អាជ្ញាធរខេត្តប្តេជ្ញាថា នឹងបន្តគាំទ្រ និងចូលរួមជាមួយដៃគូទាំងឯកជន–រដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ បង្កើនការងារ និងធ្វើឱ្យមណ្ឌលគិរី ក្លាយជាតំបន់ទេសចរណ៍កំពូលមួយរបស់ប្រទេសកម្ពុជា៕អត្ថបទ ឃិន សុខន

(ខេត្តមណ្ឌលគិរី -ស្រស់ស្អាត ដើមជាតិ សម្បូរទស្សនីយភាព -តែងតែរង់ចាំការមកដល់របស់ភ្ញៀវទាំងអស់)











Post a Comment

Previous Post Next Post

Kdaily-news ads