(ខេត្តមណ្ឌលគិរី)៖ ខ្ញុំបាទឃិន សុខន នាយប្រតិបត្តិ និងក្រុមការងារ សារព័ត៌មានរាល់ថ្ងៃ សូមសម្ដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ជូនចំពោះ លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម និង លោក ព្យើប ពេ មេឃុំស្រែព្រះបាន ព្រមទាំងក្រុមប្រឹក្សាឃុំទាំងពីរ ដែលបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ សកម្មភាពដឹកនាំដ៏សកម្ម និងការលះបង់ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការចុះដើររៃអង្គាសគ្រឿងឧបភោគបរិភោគពីប្រជាពលរដ្ឋ ដើម្បីរួមចំណែកគាំទ្រការងារសង្គមមនុស្សធម៌របស់រដ្ឋបាលស្រុកកែវសីមា។
សកម្មភាពដ៏មានអត្ថន័យនេះ បានប្រព្រឹត្តឡើងក្នុងបរិបទដែលប្រជាពលរដ្ឋកំពុងជាប់រវល់នឹងការប្រមូលផលដំឡូង ប៉ុន្តែអាជ្ញាធរឃុំ និងក្រុមប្រឹក្សាឃុំទាំងពីរ នៅតែបន្តបំពេញភារកិច្ចដោយស្មោះត្រង់ បង្ហាញពីភាពជិតស្និទ្ធជាមួយមូលដ្ឋាន សាមគ្គីភាពរឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ សារព័ត៌មានរាល់ថ្ងៃ សូមកោតសរសើរ និងថ្លែងអំណរគុណជាពិសេស ចំពោះ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា ដែលបានយកចិត្តទុកដាក់ដឹកនាំ ផ្តួចផ្តើម និងសម្របសម្រួលការងារនេះឡើង ដោយមានទិសដៅច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់ ចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥មកនឹងបន្តទៅ តាមរយៈការដាក់ស្នាក់ការទទួលអំណោយនៅមុខផ្សារកែវសីមា ខេត្តមណ្ឌលគិរី។
ការផ្តួចផ្តើមនេះ បង្ហាញឲ្យឃើញពីសមត្ថភាពដឹកនាំ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងស្មារតីមនុស្សធម៌ដ៏ឋិតថេររបស់ថ្នាក់ដឹកនាំស្រុក ដែលបានចូលរួមបង្កើនកម្លាំងសាមគ្គីជាតិ និងការគាំទ្រដល់បងប្អូនជនភៀសសឹក និងភារកិច្ចការពារជាតិ។
សកម្មភាព និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានខាងលើនេះ គឺជាគំរូដ៏ល្អនៃការអនុវត្តតួនាទីរដ្ឋបាល ប្រកបដោយវិន័យ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ដែលសមគួរទទួលបានការកោតសរសើរ និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕ អត្ថបទ ឃិន សុខន









Post a Comment