Top News

បង់លុយក្រោមតុ ១២ម៉ឺនរៀលក្នុងឡាន១គ្រឿងជញ្ជីងថ្លឹងរថយន្តតើកំពុង “ថ្លឹងលុយ” ឬ “ថ្លឹងទម្ងន់”?

(ត្បូងឃ្មុំ)៖ ការអះអាងជាបន្តបន្ទាប់ពីក្រុមតៃកុងរថយន្តដឹកដំឡូងមី បានបើកបង្ហាញភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ ក្នុង
ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលជាសំណួរធំមួយថា៖

. តើស្ថានីយថ្លឹងរថយន្ត ត្រូវបានបង្កើតឡើងដើម្បីអនុវត្តច្បាប់ ឬដើម្បីប្រមូលលុយក្រោមតុ? តាមការអះអាងរបស់អ្នកបើកបររថយន្តប្រភេទ វ៉េអង ដែលដឹកដំឡូងមីនាំចេញទៅប្រទេសវៀតណាម ពួកគេត្រូវបង់ប្រាក់ក្រៅប្រព័ន្ធ ចាប់ពី ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ក្នុងមួយជើង ជូនមន្ត្រីស្ថានីយថ្លឹងរថយន្ត នៅចំណុច ថ្នល់ទទឹង ស្រុកត្បូងឃ្មុំ និងនៅលើ ផ្លូវជាតិលេខ៧១C ត្រង់ឃុំឈូក ស្រុកក្រូចឆ្មារ ជាថ្នូរនឹងការអនុញ្ញាតឱ្យឆ្លងកាត់ដោយសេរី។

នេះមិនមែនជាករណីបុគ្គលម្នាក់ ឬឡានមួយគ្រឿងទេ ប៉ុន្តែត្រូវបានអះអាងថា ជា របបបង់លុយជាប្រព័ន្ធ ដែលរថយន្តរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ត្រូវ “ចូលជញ្ជីង” តែជារូបភាព បន្ទាប់ពីលុយបានទៅដល់ដៃមន្ត្រីរួច។

. ច្បាប់នៅឯណា?

តាមបទប្បញ្ញត្តិច្បាប់

រថយន្តវ៉េអង អនុញ្ញាតឱ្យផ្ទុក ៤៥តោនសាច់

បូកទម្ងន់សំបករថយន្តប្រមាណ ២០តោន

- ទម្ងន់សរុប មិនអាចលើស ៦៥តោន

ប៉ុន្តែការអះអាងបានបង្ហាញថា រថយន្តជាច្រើនគ្រឿង កំពុងផ្ទុកដល់ ៧០–៩០តោន ហើយនៅតែអាចធ្វើចរាចរណ៍លើដងផ្លូវជាតិបានយ៉ាងរលូន ដោយគ្មានការទប់ស្កាត់ណាមួយ។

- បើមិនមែនលុយក្រោមតុ តើអ្វីជាហេតុផល?

 *ផ្លូវខូច ប្រាក់ជាតិហូរ តែអ្នកណារកបាន?

ការអនុញ្ញាតឱ្យរថយន្តដឹកលើសទម្ងន់ មិនមែនគ្រាន់តែបំពានច្បាប់ទេ ប៉ុន្តែជាការបំផ្លាញដងផ្លូវជាតិដោយផ្ទាល់ បង្កឱ្យ

ផ្លូវស្រុត បែក សំបុកមាន់

ថវិកាជាតិ ត្រូវចំណាយរាប់រយពាន់លានរៀល សម្រាប់ជួសជុល ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ រងគ្រោះថ្នាក់ សំណួរដែលសង្គមចង់ដឹងគឺ៖

- អ្នកបង់លុយបានរួចផុត ប៉ុន្តែអ្នកណាជាអ្នកសងផ្លូវ?

. មន្ត្រីពាក់ព័ន្ធ គេចវេសការបំភ្លឺ

នៅរសៀលថ្ងៃទី ២៣ ធ្នូ ២០២៥ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានអះអាងថា មិនទាន់ទទួលបានព័ត៌មានអំពីការយកលុយក្រៅប្រព័ន្ធនេះឡើយ ហើយបានជំរុញឱ្យសួរប្រធានស្ថានីយថ្លឹងរថយន្តជំនួសវិញ។

ប៉ុន្តែ លោក គង់ សុភាព អនុប្រធានមន្ទីរ និងជាប្រធានស្ថានីយថ្លឹងរថយន្ត ដែលទទួលបន្ទុកលើស្ថានីយទាំងពីរ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយត្រូវបានចុចបិទ។

- ការចុចបិទទូរស័ព្ទ អាចបិទសំនួរសង្គមបានឬ?

 .មហាជន និងអាជីវករដឹកដំឡូងមី សូមអំពាវនាវាដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង

ឯកឧត្តម សេង ឈួន

ឯកឧត្តម ប៉េង ពោធិ៍នា

និងជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត

មេត្តាបើកការស្រាវជ្រាវឱ្យបានស៊ីជម្រៅ វះកាត់ជំងឺពុករលួយនៅស្ថានីយថ្លឹងរថយន្ត មិនមែនគ្រាន់តែកាតសម្អាតស្មៅលើចិញ្ចើមផ្លូវទេ។

ព្រោះបើ ជញ្ជីងនៅតែថ្លឹងលុយ ជំនួសថ្លឹងទម្ងន់

- ផ្លូវជាតិនឹងនៅតែខូច

- ថវិកាជាតិនឹងនៅតែហូរ

- កសិករខ្មែរនឹងនៅតែជាអ្នកខាត

ហើយច្បាប់ នឹងនៅតែជាសន្លឹកក្រដាស៕អត្ថបទ ដោយ ឃិន សុខន













Post a Comment

Previous Post Next Post

Kdaily-news ads