Top News

ខេត្ត៣របស់កម្ពុជា និងខេត្តដុងណាយ វៀតណាម ពង្រឹងសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែន លើកទិសដៅឆ្នាំ២០២៦!

(មណ្ឌលគិរី)៖ ក្នុងបរិបទនៃការពង្រឹងទំនាក់ទំនងមិត្តភាព សន្តិភាព និងសហប្រតិបត្តិការរវាងប្រទេសជិតខាង កម្ពុជា–វៀតណាម កិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមតំបន់ព្រំដែន ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នាខ្ពស់។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូអមដំណើរ ចូលរួមកិច្ចប្រជុំសហប្រតិបត្តិការនេះ។

ភាគីកម្ពុជា រួមមានស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ខណៈភាគីវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន អញឌឹក មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តដុងណាយ ប្រធានប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា–វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធពីភាគីទាំងពីរ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៥ ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់ និងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។

ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំ និងបានដាក់ចេញទិសដៅសហប្រតិបត្តិការបន្តសម្រាប់ឆ្នាំ២០២៦ ដោយបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសហការជិតស្និទ្ធរវាងកម្លាំងអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមតាមព្រំដែនដោយសន្តិវិធី និងការយោគយល់គ្នា។

កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថា ជាសក្ខីភាពបង្ហាញពី ទំនាក់ទំនងល្អប្រសើរ មិត្តភាពយូរអង្វែង និងសហប្រតិបត្តិការជាក់ស្តែង រវាងអាជ្ញាធរកម្ពុជា និងវៀតណាម ក្នុងការរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមតំបន់ព្រំដែន ឱ្យក្លាយជាតំបន់សុខសាន្ត សុវត្ថិភាព និងមានការរីកចម្រើនរួមគ្នា៕អត្ថបទ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads