តំបន់ទឹកខួប ជាទេសភាពធម្មជាតិដ៏ស្រស់បំព្រង មានទឹកបឹងធម្មជាតិថ្លាស្អាត ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ និងបរិយាកាសបរិសុទ្ធ ជាទីតាំងដ៏កម្រនិងមានសក្ដានុពលខ្ពស់សម្រាប់ទេសចរណ៍ធម្មជាតិ។ ការយល់ឃើញពីតម្លៃធនធានធម្មជាតិ និងអត្ថប្រយោជន៍សេដ្ឋកិច្ចសហគមន៍ លោកអភិបាលស្រុក បានដាក់ចេញនូវការរៀបចំយ៉ាងម៉ត់ចត់ ដោយចាក់បំពេញដី ពង្រីកទីធ្លា ឲ្យបានធំទូលាយ សម្រាប់ចតយានយន្ត និងទទួលភ្ញៀវទេសចរ ដោយគិតគូរទាំងសោភ័ណភាព សុវត្ថិភាព និងភាពងាយស្រួលជាអាទិភាព។
មិនត្រឹមតែការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ បន្តទៅខាងលើភ្នំបន្តិច រដ្ឋបាលស្រុកកែវសីមា ក៏បានយកចិត្តទុកដាក់រៀបចំ និងថែរក្សារូបសំណាក លោកតាក្រហម ឲ្យក្លាយជាទីតាំងមានអត្ថន័យផ្នែកជំនឿ វប្បធម៌ និងអារម្មណ៍សហគមន៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឈប់សម្រាកកម្សាន្ត ថតរូបអនុស្សាវរីយ៍ និងអុចធូបបួងសួង សុំសេចក្ដីសុខសប្បាយ មុនបន្តដំណើរទៅកាន់ដែនដីខៀវស្រងាត់នៃខេត្តមណ្ឌលគិរី។
ស្នាដៃអភិវឌ្ឍតំបន់ទេសចរណ៍ “ទឹកខួប” នេះ ជាភស្តុតាងដ៏ច្បាស់លាស់បំផុត នៃភាពដឹកនាំប្រកបដោយទំនួលខុសត្រូវ ចក្ខុវិស័យវែងឆ្ងាយ និងបេះដូងបម្រើប្រជាពលរដ្ឋរបស់ លោក សាន គឹមអ៊ាប ដែលមិនត្រឹមតែអភិវឌ្ឍស្រុកឲ្យមានភាពស្រស់ស្អាតទេ ប៉ុន្តែថែមទាំងទុកស្នាដៃអនុស្សាវរីយ៍ដ៏មានតម្លៃ សម្រាប់ជំនាន់ក្រោយ ក្នុងសម័យដឹកនាំរបស់លោក នៅស្រុកកែវសីមា៕អត្ថបទ ដោយ ឃិន សុខន






Post a Comment