(មណ្ឌលគិរី) ៖ នៅថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចុះពិនិត្យ វាស់វែង និងវាយតម្លៃស្ថានភាពតួរផ្លូវជាតិលេខ ៧៦-៤ ចាប់ពីចំណុច PK04+500 ដល់ PK07+700 ដើម្បីកំណត់ទីតាំងផ្លូវដែលមានបញ្ហាស្រុតប៉ោង ស្រុតបែកស្រកានាគ និងសំបុកមាន់ ដែលបានជួសជុលរួចហើយ ប៉ុន្តែមានការខូចខាតកើតឡើងវិញ។
សកម្មភាពនេះ ត្រូវបានអនុវត្តឡើងក្នុងក្របខណ្ឌគម្រោងរីសៀល ឆ្នាំ២០២៦ ដោយផ្អែកលើការយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាពសំណង់ផ្លូវ សុវត្ថិភាពចរាចរណ៍ និងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។
ការចុះពិនិត្យយ៉ាងលម្អិត និងមានលក្ខណៈបច្ចេកទេសច្បាស់លាស់នេះ បង្ហាញពីការទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែង និងស្មារតីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ របស់ក្រុមការងារក្រោមការដឹកនាំរបស់ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាពការងារ មិនមើលរំលងចំពោះបញ្ហាបច្ចេកទេស និងផ្តោតលើដំណោះស្រាយប្រកបដោយចីរភាព។
សកម្មភាពនេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានគុណភាព ធន់ទ្រាំ និងសុវត្ថិភាព សមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី៕អត្ថបទ ដោយ ឃិន សុខន












Post a Comment