Top News

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំមន្ត្រីនគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីបួងសួងសុំសេចក្តីសុខ និងរំលឹកគុណដល់បុព្វបុរសកងទ័ព ក្នុងឱកាសត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៦!


ខេត្តពោធិ៍សាត់ ៖ ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ខ្ពង់ខ្ពស់ និងដើម្បីលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ រៀបចំពិធីសែនព្រេន បួងសួង សុំសេចក្តីសុខ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិសុខជាតិ នៅបូជានីយដ្ឋាន ឧកញ៉ា ឃ្លាំងមឿង ។


ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងសមរម្យតាមគន្លងប្រពៃណី និងសាសនា ដោយមានការរៀបចំគ្រឿងសក្ការបូជា ផ្កាភ្ញី និងភេសជ្ជៈនានា ដើម្បីឧទ្ទិសកុសលជូនដល់វីរបុរស កងទ័ព និងកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី សន្តិភាព និងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីថែរក្សាទឹកដីខេត្តពោធិ៍សាត់ សូមជួយបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលខេត្តទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាឈ្លាសវៃ។ នេះក៏ជាការបង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ ចូល ២០២៦។


កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការសម្រួលចរាចរណ៍ និងការបង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីធានាថាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និងភ្ញៀវទេសចរ នឹងទទួលបាននូវភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ នឹងមិនត្រូវបំភ្លេចនូវការលះបង់របស់បុព្វបុរសយើងនោះទេ ហើយសន្តិភាពដែលយើងមាននៅថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ការបួងសួងនេះ ក៏ជាការពង្រឹងស្មារតីឱ្យយើងកាន់តែរឹងមាំក្នុងការបម្រើជាតិ និងប្រជាជន ៕

















Post a Comment

Previous Post Next Post

Kdaily-news ads