Top News

ខេត្តរតនគិរី បើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៨-៥ ជាដំណាក់កាលយុទ្ធសាស្ត្រមួយ ក្នុងការលើកកម្ពស់គោលនយោបាយអភិវឌ្ឍន៍តំបន់ និងការពារផលប្រយោជន៍សាធារណៈ!


(ខេត្តរតនគិរី)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៨-៥ កំណាត់ប្រវែង ៤,១០០ម៉ែត្រ ក្នុងឃុំប៉ូយ ស្រុកអូរជុំ ដែលជាគម្រោងសំខាន់មួយស្ថិតក្រោមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគោល ដើម្បីគាំទ្រសេដ្ឋកិច្ច សង្គម និងការពារអធិបតេយ្យភាពទឹកដី។ ពិធីនេះ មានការចូលរួមយ៉ាងមានវិន័យពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីជំនាញជុំវិញខេត្ត អភិបាលស្រុក មេឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលបង្ហាញពីការគាំទ្រយុទ្ធសាស្ត្ររដ្ឋរួមគ្នា។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ជាផ្លូវការថា ការជួសជុលផ្លូវជាតិលេខ៧៨-៥ នឹងអនុវត្តជាដំណាក់កាលត្រឹមត្រូវ តាមគោលបច្ចេកទេស DBST និងថវិកាជាតិ តាមការគ្រប់គ្រងរួមរបស់ក្រសួងពាក់ព័ន្ធ។ គម្រោងនេះក្លាយជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងការតភ្ជាប់ស្រុកអូរជុំ តាវែង ទៅកាន់ផ្លូវជាតិលេខ៧៨ ដែលជាច្រកសេដ្ឋកិច្ចសំខាន់របស់ខេត្ត។

ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវ និងបង្គាប់ដោយផ្ទាល់ដូចខាងក្រោម៖

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការដោយគោរពតាមបទបញ្ជា, មិនដឹកជញ្ជូនទំនិញធ្ងន់ដូចជា សំពីងសំពោង គ្រួស ថ្ម ខ្សាច់ លើកលែងតែបានរៀបចំការវិចខ្ចប់ត្រឹមត្រូវរួចមុន ដើម្បីការពារគុណភាពផ្លូវជាតិ ដែលជាកម្មសិទ្ធិរួម។

អាជ្ញាធរដែនដី ស្រុកអូរជុំ តាវែង ត្រូវបំពេញតួនាទីជាផ្លូវការ ក្នុងការត្រួតពិនិត្យ និងអនុវត្តច្បាប់ពាក់ព័ន្ធជាក់លាក់លើយានយន្តដែលបំពាន។

មេឃុំពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងទូលំទូលាយ, កុំអោយមានការបំពាន ឬការមិនខ្វល់ខ្វាយចំពោះទ្រព្យសម្បត្តិសាធារណៈ។ សូមឱ្យសហការជិតស្និទ្ធជាមួយមន្ទីរសាធារណការ ដើម្បីដោះស្រាយបញ្ហាប្រឈមពេលមានការអនុវត្តការងារ និងការជួសជុលពុះពារផ្លូវ។ ឯកឧត្តមបន្ថែមថា៖ «ផ្លូវជាតិ មិនមែនជាផ្លូវឯកជនរបស់នរណាម្នាក់ទេ។វាជាហេដ្ឋារ រចនាសម្ព័ន្ធ ដែលជាចម្បង និងជាគន្លងមួយសម្រាប់សកម្មភាពសាធារណៈសម្រាប់ជីវភាពសង្គម និងសេដ្ឋកិច្ចក្នុងតំបន់»ដែលជាតិទាំងមូលពឹងផ្អែក។ យើងទាំងអស់គ្នាត្រូវជួយសហការ កុំអោយមានការបំពាន ឬការបំផ្លាញដោយបំណង ចេតនាឬបំណងអាក្រក់។ 

ក្នុងនាមជារដ្ឋបាលខេត្ត ឯកឧត្តមបាន ស្នើសុំជាផ្លូវការទៅកាន់អាជ្ញាធរស្រុក ឃុំ សូមបំពេញមុខងារយ៉ាងតឹងរឹង តាមបទបញ្ជាក្រសួងស្ថាប័ន ព្រមទាំងពង្រឹងការ ការពារសន្តិសុខចរាចរណ៍ និងការអនុវត្តច្បាប់ដោះស្រាយអ្នកបំពានឱ្យបានឆាប់រហ័ស និងយុត្តិធម៌។

គម្រោងនេះជាសញ្ញាសម្គាល់ថា ខេត្តរតនគិរី កំពុងដំណើរការក្នុងផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ស្របតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការលើកស្ទួយគុណភាពជីវភាពប្រជាពលរដ្ឋ និងការអភិរក្សរបបរដ្ឋាភិបាលឲ្យមានស្ថេរភាព៕ អត្ថបទ ដោយ ឃិន សុខន











Post a Comment

Previous Post Next Post

Kdaily-news ads