Top News

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បន្តធ្វើការយ៉ាងសកម្ម គ្មានឈប់សម្រាក ដើម្បីសុវត្ថិភាព និងសោភ័ណភាពផ្លូវជាតិលេខ៧៦!


(មណ្ឌលគិរី)៖ គិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានដឹកនាំអនុវត្តការងារជាច្រើនយ៉ាងសកម្មលើផ្លូវជាតិលេខ៧៦ (NR76) ដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី និងធានាសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះ ក្រុមការងារបានអនុវត្តការងារ សម្អាតលាន និងដំឡើងបង្គោលគីឡូម៉ែត្រ (បង្ហាញព័ត៌មានទិសដៅ និងចម្ងាយ) នៅចន្លោះ PK88 ដល់ PK124 ដោយផ្តោតលើសោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

ជាពិសេស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមួយទៀតបានបន្តអនុវត្ត ការជួសជុលប្រឡាយផ្លូវ នៅចន្លោះ PK142+000 ដល់ PK143+000 បន្ទាប់ពីរងការខូចខាតដោយហេតុការណ៍គ្រោះថ្នាក់រថយន្តរបស់ក្រុមហ៊ុនវៀតណាមកាលពីថ្ងៃមុន ដើម្បីបង្ការ​ហានិភ័យ និងធានាឱ្យប្រព័ន្ធបង្ហូរទឹកដំណើរការបានល្អប្រសើរវិញ។

ការងារទាំងអស់នេះ បានអនុវត្តឡើង ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ របស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានជំរុញឲ្យមន្ត្រី និងក្រុមការងារ ធ្វើការគ្មានឈប់សម្រាក មិនគិតពីថ្ងៃឈប់សម្រាក ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង។

សកម្មភាពខាងលើនេះ បង្ហាញឲ្យឃើញច្បាស់ពី ស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឲ្យមានគុណភាព សុវត្ថិភាព និងបម្រើការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមរបស់ខេត្តមណ្ឌលគិរី៕អត្ថបទ ដោយ ឃិន សុខន


















Post a Comment

Previous Post Next Post

Kdaily-news ads