(មណ្ឌលគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បន្តអនុវត្តភារកិច្ចថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរ បានចែកចេញជាច្រើនក្រុម ដើម្បីអនុវត្តសកម្មភាពការងារផ្សេងៗ រួមមាន ការសម្អាតដី និងប្រេងលើផ្ទៃផ្លូវ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧៦ ការបិទសម្បុកមាន់ និងការថែទាំប្រចាំលើផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ព្រមទាំងការសម្អាត និងលាបថ្នាំបង្គោលគីឡូម៉ែត្រ ដើម្បីរក្សាសោភ័ណភាព និងស្តង់ដារផ្លូវជាតិ។
សកម្មភាពទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងការឆ្លើយតបបានទាន់ពេលវេលា ចំពោះបញ្ហាផ្លូវ និងសុវត្ថិភាពចរាចរណ៍ ដែលជាកត្តាសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅខេត្តមណ្ឌលគិរី។
រដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំប្រកបដោយស្មារតីទំនួលខុសត្រូវ និងភាពសកម្មរបស់ លោក រស់ គឹមធន ប្រធានមន្ទីរ ដែលបានដឹកនាំក្រុមការងារ អនុវត្តភារកិច្ចយ៉ាងមានប្រសិទ្ធភាព និងជាប់លាប់៕អត្ថបទ ឃិន សុខន










Post a Comment