(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីដាល់អំបុកសាមគ្គី “ខ្មែរជួយខ្មែរ” ដោយជោគជ័យ និងពោរពេញដោយអត្ថន័យជាតិក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោក សីទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលអំបុក និងគ្រឿងឧបភោគបរិភោគ ដើម្បីយកទៅជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ វីរៈកងទ័ពការពារប្រទេសជាតិ ដែលកំពុងបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់នៅមុខព្រំដែន។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណ វត្តរតនៈមណ្ឌលរង្សី (វត្តទី៩) ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ក្នុងបរិយាកាសសាមគ្គីភាព ស្មោះត្រង់ និងស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅ។
ក្នុងបរិវេណពិធីបុកអំបុកដ៏រីករាយនោះ លោកស្រីទូចអភិបាលនៃគណៈអភិបាលស្រុកកោះញែក បានសម្ដែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីចូលរួមដោយស្ម័គ្រចិត្ត នៃការលះបង់របស់ប្រជាពលរដ្ឋនឹងគ្រប់ភាគី ដែលបានរួមគ្នាបង្កើតសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្នូរនេះ ឲ្យក្លាយជាគំរូល្អ នៃសាមគ្គីភាពជាតិ និងការគាំទ្រយ៉ាងមាំមួនដល់កងកម្លាំងការពារប្រទេសជាតិ៕ អត្ថបទ ឃិន សុខន














Post a Comment