(កណ្ដាល)៖ បុរសញៀនថ្នាំម្នាក់បានបែកគំនិតយ៉ាងខ្លាំង រហូតហ៊ានកាន់កាំបិតដេញកាប់ឪពុកបង្កើត និងលោកមេភូមិដែលចូលទៅហាមឃាត់រឿងគាស់ស័ង្កសីផ្ទះលក់ ហើយថែមទាំងហ៊ានដេញកាប់សមត្ថកិច្ចដែលចុះទៅអន្តរាគមន៍ទៀត ទើបត្រូវបានកម្លាំងនគរបាលស្រុកស្អាងប្រើសិទ្ធិស្វ័យការពារ ដើម្បីបង្ក្រាប និងឃាត់ខ្លួនបាន។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១៣ ធ្នូ ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សន ស៊ីដេត (ប្រុស, ៣៨ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុ (ជាកូនបង្កើតជនរងគ្រោះ)។ ចំណែកឯជនរងគ្រោះជាឪពុកមានឈ្មោះ សន ឈុនហ៊ា (ប្រុស, ៧៥ឆ្នាំ) មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។
លោកអធិការស្រុក បានបន្តថា ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែគំរាមសម្លាប់ឪពុកខ្លួនឯងជាច្រើនលើកច្រើនសា។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគាស់ស័ង្កសីដំបូលរោងបាយយកទៅលក់អេតចាយ ពេលនោះជនរងគ្រោះជាឪពុក និងលោកមេភូមិបានឃើញទាន់ ក៏ចូលទៅនិយាយណែនាំ។
ស្រាប់តែជនសង្ស័យមិនស្តាប់ បែរជាយកកាំបិតផ្គាក់ដេញកាប់ឪពុក និងលោកមេភូមិ ធ្វើឲ្យពួកគាត់ភ័យរត់គេចខ្លួន និងទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍។ ពេលកម្លាំងចុះទៅដល់ ជនសង្ស័យមិនខ្លាចញញើត បានយកកាំបិតដេញកាប់សមត្ថកិច្ច និងប្រជាការពារទៀត ទើបកម្លាំងសម្រេចប្រើសិទ្ធិស្វ័យការពារខ្លួន ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
លោកវរសេនីយ៍ឯក រស់ ចន្ថា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានកាំបិតផ្គាក់ចំនួន ១ដើម, កាំបិតប៉័ងតោច្នៃដាក់ដងវែង ១ដើម, កាំបិតចុងស្រួចច្នៃដាក់ដងវែង ១ដើម និងផ្លែស្នច្នៃដាក់ដងវែង ១ដើម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕





Post a Comment