ខេត្តកំពង់ស្ពឺ៖ គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព ដែលមានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងជាច្រើនកុះករនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះដោយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានក្តីរំភើបដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ជួយដល់វិរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែនកម្ពុជាថៃ។
លោកបានគូសបញ្ជាក់ថា កម្មវិធីនេះមានអត្ថន័យជ្រាលជ្រៅណាស់ ឈាមដែលបរិច្ចាគ នឹងត្រូវប្រើប្រាស់ដើម្បីសង្គ្រោះអាយុជីវិត កងវីរៈកងទ័ពជួរមុខ និង ប្រជាជននៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងត្រូវការជាបន្ទាន់។ ការចូលរួមដោយស្ម័គ្រចិត្តរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរៈបុរស និងប្រជាជនដែលរងគ្រោះ សកម្មភាពនេះពិតជាឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងក្តីស្រឡាញ់ចំពោះជនរួមជាតិ៕






Post a Comment