Top News

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បន្តពង្រឹងវិន័យ ការដឹកនាំ និងប្រសិទ្ធភាពការងារ ដើម្បីធានាសន្តិសុខសង្គម!


(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសមានវិន័យ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំងប្រាំ មេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក មេប៉ុស្តិ៍ច្រកទ្វារទ្វេភាគី និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សង្កាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តល់ការណែនាំដ៏ច្បាស់លាស់ និងមានទិសដៅច្បាស់លាស់ ដោយផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការអនុវត្តវិន័យការងារ ការបង្កើនប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងការកែសម្រួលចំណុចខ្វះខាត ដើម្បីលើកកម្ពស់គុណភាពការងារឲ្យសមស្របនឹងស្ថានការណ៍សង្គម និងសម័យឌីជីថលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកស្នងការបានជំរុញឲ្យអង្គភាពជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងការអប់រំ ណែនាំយុវជន និងសិស្សដែលគេចវេសពីសាលារៀន ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងសីលធម៌សង្គម។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តយ៉ាងតឹងរឹងនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលជាគោលការណ៍ដឹកនាំសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធានាសុខសន្តិភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ។

មុនបញ្ចប់ លោកស្នងការបានផ្តល់ពាក្យជូនពរ និងលើកទឹកចិត្តដល់កម្លាំងនគរបាលទាំងអស់ ឲ្យបន្តរក្សាសុខភាពល្អ ស្មារតីរឹងមាំ និងបំពេញភារកិច្ចដោយស្មោះត្រង់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរជានិច្ច៕អត្ថបទ ដោយ ឃិន  សុខន
















Post a Comment

Previous Post Next Post

Kdaily-news ads