(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមជម្រាបជូនសាធារណជនជ្រាបថា សមាគមទាំងពីរនៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្តីណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរងផល់ប៉ះពាល់តាមវិធានការខាងលើ៕



Post a Comment