ក្រុងដូនកែវ៖ លោក ទ្រី ឆាយ នាយកវិទ្យាល័យ«ជាស៊ីម តាកែវ» ត្រូវថ្នាក់លើសម្រេចបញ្ឈប់ពីតួនាទីដោយបង្ខំ ក្រោយរកឃើញថា រូបលោក និងបក្ខពួក បានស៊ីដាច់លុយអង្គភាពជាង៣៤លានរៀល...។
យោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលទើបទម្លាយចេញនៅថ្ងៃទី២៧កុម្ភៈនេះ ជូនទៅកាន់ លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជុំវិញលទ្ធផលអធិការកិច្ចរបស់ក្រុមការងារក្រសួងអប់រំ រកឃើញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ«ជាស៊ីម តាកែវ» មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។ ក្នុងន័យនេះ ក្រសួងអប់រំ បានសម្រេចផ្លាស់ប្ដូរលោក ទ្រី ឆាយ នាយកវិទ្យាល័យ«ជាស៊ីម តាកែវ»ដោយបង្ខំ ឱ្យទៅបម្រើការងារនៅអង្គភាពក្រោមឱវាទនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។
បន្ថែមលើនេះ ក្រសួងនឹងបង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ន វិទ្យាល័យ«ជាស៊ីម តាកែវ» ក្រោមការដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាសាលាវិទ្យាល័យថ្មី។ ចំណែក លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្វែរសាច់ប្រាក់ចំនួន៣៤ ១១២ ៦០០រៀល (៣៤លាន១សែន១ម៉ឺន២ពាន់៦រយរៀល) ចូលមកក្នុងថវិកាសាលាវិញ៕






Post a Comment