Top News

សង្ស័យសារព័ត៌មានរាល់ថ្ងៃផ្សាយទៅប៉ះអាជ្ញាធរ “អាម៉ាស់”ពីការចេញផ្សាយព័ត៌មាន ដល់ការបញ្ឈប់សកម្មភាពកាយដី បែជាបកស្រាយ សំណួរ តើសារព័ត៌មានញុះញង់ ឬសេចក្តីពិតត្រូវបានប៉ះពាល់?!


(ខេត្តក្រចេះ)៖ ក្រោយពី អង្គភាពសារព័ត៌មានរាល់ថ្ងៃ ចេញផ្សាយព័ត៌មានជាវគ្គទី១ ពាក់ព័ន្ធនឹងសកម្មភាពកាយ និងដឹកអាចម៍ដីពាក់ព័ន្ធដីចំណីផ្លូវ សាធារណមតិមិនទាន់បានឮសម្លេងពលរដ្ឋយ៉ាងទូលំទូលាយនៅឡើយទេ ប៉ុន្តែអ្វីដែលលេចឡើងមុនគេវិញ គឺប្រតិកម្មពីថ្នាក់ខេត្តដែលមានអំណាច។

ប្រតិកម្មនោះ បានមកដល់តាមសារតេឡេក្រាម ពីឯកឧត្ដម វ៉ាថន អភិបាលខេត្តក្រចេះ ដែលបានសួរមកកាន់អង្គភាពសារព័ត៌មានថា"

«លោកប្អូនអើយ អត់ចុះហ្នឹង គ្មានការងារធ្វើសោះហ្មងវ៉ី?»

សំណួរនេះ មិនមែនជាការទំនាក់ទំនងតាមបែបរដ្ឋបាល ឬការស្នើសុំព័ត៌មានផ្លូវការនោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ថា"​ ការចេញផ្សាយសេចក្តីពិត បានប៉ះពាល់ដល់អារម្មណ៍ និងការព្រួយបារម្ភរបស់ថ្នាក់ខេត្តដែលជាម្ចាស់អំណាច។

បន្តមកទៀត នៅវគ្គទី២ លោក  សាម ណាល់ អភិបាលស្រុកស្នួល បានផ្ញើសារអក្សរពន្យល់ថា"​ សកម្មភាពកាយដី គឺជាការធ្វើព្រំដី កន្លែងកាប់ស្ថិតនៅឆ្ងាយពីផ្លូវ ហើយបើមិនអនុវត្ត អាចមានការទន្ទ្រានយកដីកើតឡើង។

ទោះជាយ៉ាងណា ការពន្យល់នេះ មិនត្រូវបានគាំទ្រដោយសភាពការណ៍ជាក់ស្តែងឡើយ។ ផ្ទុយទៅវិញ សកម្មភាពបន្ទាប់ បានបង្ហាញយ៉ាងច្បាស់ថា"​ វាមានលក្ខណៈជាការ ការពារផលប្រយោជន៍ ជាជាងការបកស្រាយតាមបែបវិជ្ជាជីវៈ និងតម្លាភាព។ ជាក់ស្តែង មនុស្សពីរនាក់ ត្រូវបានលោក សាម ណាល់ អភិបាលស្រុកស្នួល បញ្ជូនមកធ្វើការបកស្រាយជាសាធារណៈក្នុងការផ្សាយផ្ទាល់ ដាក់លោហ្គោ មន្ទីរព័ត៌មានខេត្តក្រចេះបាន ឧទ្ទេសនាមផ្ទាល់ ម្នាក់អះអាងថាជាប្រធានការិយាល័យស្រុកស្នួល និងម្នាក់ទៀតតាំងខ្លួនជាមន្ត្រីទទួលបន្ទុកវិស័យការងារ និងដឹកជញ្ជូន។ ពួកគេបានអះអាងស្របគ្នាថា សកម្មភាពកាយដីនោះ

«មិនប៉ះពាល់ដល់ដីចំណីផ្លូវជាតិឡើយ»

មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានចោទធ្វើការចោទប្រកាន់ទៅសារព័ត៌មានថា ជាការផ្សាយញុះញង់ និងបង្កភាពចលាចលក្នុងសង្គមថែមទៀតផង។ ការបកស្រាយបែបនេះ មិនអាចចាត់ទុកថាជាការបំរើប្រយោជន៍សាធារណៈបានឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការប្រើប្រាស់មុខតំណែងរដ្ឋ ដើម្បីការពារផលប្រយោជន៍ឯកជន និងបាំងបិទសេចក្តីពិត ដែលសារព័ត៌មានបានចុះផ្សាយតាមតួនាទីវិជ្ជាជីវៈរបស់ខ្លួន។

សំណួរដែលសង្គមមានសិទ្ធិសួរយ៉ាងត្រឹមត្រូវគឺ:- ប្រសិនបើមិនមានភាពខុសប្រក្រតី តើហេតុអ្វីបានជា ក្រោយការចេញផ្សាយវគ្គទី២ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពកាប់ និងដឹកអាចម៍ដីចេញពីដីចំណីផ្លូវ ត្រូវបានបញ្ឈប់ភ្លាមៗ?

-ហេតុអ្វីបានជា ប្រជាពលរដ្ឋ និងមហាជននៅ ភូមិ១០៤ឃុំឃ្សឹមនៃស្រុកស្នួលនេះអបអរសាទរព្រោះ បានឃើញរថយន្តដឹកអាចម៍ដី យកទៅចាក់លប់រណ្តៅ ដែលធ្លាប់កាយ និងដឹកចេញពីទីតាំងនោះ?

សំណួរទាំងនេះ គឺជាចម្លើយជាក់ស្តែង ដែលការដោះសារដោយពាក្យលោក សាម ណាល់ អភិបាលស្រុក នឹង មនុស្សពីនាក់ផ្សេងទៀតដែលមកផ្សាយ មិនអាចបិទបាំងបាន។ ដូចពាក្យចាស់បានពោលថា «ដំរីងាប់ យកចង្អេទៅបាំង វាមិនជិតទេ»។

អង្គភាពសារព័ត៌មានរាល់ថ្ងៃ មិនមែនជាសត្រូវរបស់រដ្ឋឡើយ។ ប៉ុន្តែអ្នកណាដែលប្រើអំណាច បំភ្លៃការពិត បំពុលសង្គម និងប៉ុនប៉ងបិទបាំងតួនាទីសារព័ត៌មាន នោះហើយទើបជាកត្តាបង្កការខូចខាតដល់សង្គម និងការគ្រប់គ្រងប្រទេសជាតិ។ ក្នុងនាមជាអង្គភាពសារព័ត៌មាន អនុវត្តតួនាទីតាមច្បាប់ និងវិជ្ជាជីវៈ អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមគោរពដាក់សំណូមពរជាផ្លូវការ ទៅកាន់សម្តេច បវរធិបតី ហ៊ុន 

ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯក ឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់សមត្ថកិច្ចអធិការកិច្ចឯករាជ្យ ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់នៅទីតាំងជាក់ស្តែង។ អង្គភាពសារព័ត៌មាន សូមសំណូមពរយ៉ាងទទូចឲ្យការត្រួតពិនិត្យនេះ មិនពឹងផ្អែកតែលើរបាយការណ៍រដ្ឋបាល ស្រុកស្នួល ខេត្តក្រចេះ តែមួយផ្លូវនោះឡើយ ដើម្បីអាចបញ្ជាក់បានយ៉ាងច្បាស់ថា

តើសារព័ត៌មានបានផ្សាយញុះញង់ ឬផ្សាយសេចក្តីពិត? តើមានការបិទបាំងព័ត៌មាន ឬក៏មានអ្នក ការពារផលប្រយោជន៍ឯកជនរបស់ក្រុមហ៊ុន សុវណ្ណរិទ្ធី ក្រោមឈ្មោះអំណាចរដ្ឋដែរឬទេ? ការអនុវត្តអធិការកិច្ចដោយឯករាជ្យ និងតម្លាភាព គឺជាមធ្យោបាយតែមួយ ដែលអាចស្តារជំនឿសាធារណមតិ និងធានាថា ច្បាប់ត្រូវបានអនុវត្តស្មើភាព ដោយគ្មានការលាក់បាំង នឹងលំអៀងចំពោះភាគីណាមួយ៕ (ដោយ ឃិន សុខន នាយកប្រតិបត្តិ សារព័ត៌មានរាល់ថ្ងៃ)







Post a Comment

Previous Post Next Post

Kdaily-news ads