(ខេត្តពោធិ៍សាត់)៖ អាណិតក្មេងកំព្រា! ជាសិស្សម្នាក់ត្រូវគ្រូធាក់បាក់ជើង ព្រោះតែគ្មានស្បែកជើងប៉ាតាពាក់រៀន សិស្សប្រុសម្នាក់ ដែលជាកុមារកំព្រាឪពុក ត្រូវបានគ្រូបង្រៀនម្នាក់ចោទថា ធ្វើខុសវិន័យសាលា ដោយគ្មានស្បែកជើងប៉ាតាពាក់មករៀន ហើយត្រូវដាក់ពិន័យឲ្យឈរហាលថ្ងៃយូរ។ បន្ទាប់ពីអស់កម្លាំងឈរយូរ រោយជើង សិស្សរូបនោះបានអង្គុយសម្រាកមួយភ្លែត តែពេលឃើញគ្រូមកវិញ ត្រូវបានគ្រូធាក់ភ្លាមៗ បណ្តាលឲ្យបាក់ជើង បង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីមហាជន។
ករណីដ៏គួរឲ្យសង្វេគនេះ បានកើតឡើងនៅ វិទ្យាល័យព្រះម្លូរ ស្ថិតក្នុងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមការសម្ភាសន៍ លោក លន់ ភី ណាត បេឡាធិការវិទ្យាល័យព្រះម្លូរ បានប្រាប់សារព័ត៌មាន រាល់ថ្ងៃ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សិស្សរងគ្រោះឈ្មោះ លី សុវណ្ណារាជ ភេទប្រុស ត្រូវបានចោទថា បានធ្វើខុសបទបញ្ជាផ្ទៃក្នុងរបស់សាលា។ បច្ចុប្បន្ន សាលាកំពុងសហការជាមួយអាជ្ញាធរ សមត្ថកិច្ច និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីស្រាវជ្រាវករណីចោទប្រកាន់គ្រូបង្រៀន ដែលត្រូវបានបង្ហោះ និងចែករំលែកពេញបណ្តាញសង្គម។
ទោះជាយ៉ាងណា ករណីនេះបានបង្កសំណួរធំមួយទៅកាន់សង្គមថា «ការអនុវត្តវិន័យសាលា អាចឈានដល់អំពើហិង្សាដល់ថ្នាក់ធ្វើឲ្យសិស្សបាក់ជើងបានដែរឬទេ?» កុមារកំព្រា គ្មានស្បែកជើងពាក់រៀន គួរត្រូវបានអប់រំដោយមេត្តាករុណា មិនមែនដោយជើង និងកម្លាំងហិង្សានោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក នន់ ចាន់ចាវ នាយកវិទ្យាល័យព្រះម្លូរ ត្រូវបានអ្នកសារព័ត៌មានព្យាយាមទាក់ទងតាមទូរស័ព្ទ ប៉ុន្តែមិនទទួលការឆ្លើយតប។ ជុំវិញករណីដ៏ឈឺចាប់នេះ សារព័ត៌មាន រាល់ថ្ងៃ សូមគោរពស្នើសុំទៅកាន់ ឯកឧត្ដម ហង់ ជួនណារ៉ុន
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាជ្រាប និងចាត់វិធានការតឹងរឹង ប្រកបដោយយុត្តិធម៌ ដើម្បីការពារសិទ្ធិកុមារ ស្តារសេចក្តីទុកចិត្តលើវិស័យអប់រំ និងមិនឲ្យអំពើបែបនេះកើតឡើងម្តងទៀតក្នុងសាលារៀន។ ព្រោះវិន័យមិនមែនជាហិង្សា សាលារៀនមិនមែនជាកន្លែងធាក់បំបាក់ជីវិតកុមារ៕ ដោយ ឃិន សុខន




Post a Comment