(ខេត្តមណ្ឌលគិរី)៖ (ទឹកធ្លាក់ប៊ូស្រា) ប្រជាពលរដ្ឋ ជាភ្ញៀវទេសចរជាច្រើននាក់ បានសំដែងការហួសចិត្ត នឹងខកចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំ និងការគ្រប់គ្រងតំបន់ទេសចរណ៍ ទឹកធ្លាក់ប៊ូស្រា ដែលកំពុងបង្កើតភាពរញ៉េរញ៉ៃ ធ្វើឲ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ធ្ងន់ធ្ងរដល់រូបភាពទេសចរណ៍ខេត្ត មណ្ឌលគិរី។
ខណៈភ្ញៀវទេសចររអ៊ូថា «មកដល់ហើយត្រូវបង់លុយ តែមិនអនុញ្ញាតឲ្យយកអីវ៉ាន់ចូល» ខណៈការរៀបចំមិនច្បាស់លាស់ ប្រែប្រួលពីលើកមុនៗ ធ្វើឲ្យអ្នកមកលេងលើកនេះមានអារម្មណ៍ថា រញ៉េរញ៉ៃ លើអាកប្បកិរិយា ពាក្យសម្តី នឹងសកម្មភាព។ អ្វីដែលធ្ងន់ធ្ងរជាងនេះ គឺមានការអះអាងថា តំបន់នេះត្រូវបានគេគ្រប់គ្រងជាកម្មសិទ្ធិឯកជនស្ទើរតែអស់រលីង បណ្តាលឲ្យភ្ញៀវទេសចរមួយចំនួនដល់ថ្នាក់បង្ហោះសារបង្ហាញការខកចិត្ត និងអំពាវនាវមិនឲ្យបងប្អូនមកលេងបន្តទៀត។ ជាក់ស្តែង ភ្ញៀវមួយចំនួនអះអាងថា មកពីចម្ងាយដល់ថ្នាក់ពីប៉ោយប៉ែត ប៉ុន្តែត្រូវជួបបទពិសោធន៍អវិជ្ជមាន ដែលមិនសមស្របនឹងសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្បីរបស់ខេត្តមណ្ឌលនេះឡើយ។
ពាក់ព័ន្ធករណីនេះ លោក ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានព្យាយាមទាក់ទងទៅលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីសុំការបំភ្លឺ ប៉ុន្តែការទំនាក់ទំនងត្រូវបាន ចុចបិទទូរស័ព្ទ និងគ្មានការឆ្លើយតប។ មិនតែប៉ុណ្ណោះ លេខទំនាក់ទំនងនៅលើស្លាកស្គេនលុយចូលកម្សាន្តទឹកធ្លាក់ ក៏ត្រូវបានសួរតាមប្រព័ន្ធតេឡេក្រាមដែរ ប៉ុន្តែស្ថិតក្នុងភាពស្ងាត់ ចូលមើល មិនរ៉េផ្លាយ។
សំណួរ:-តើលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានដឹង និងយកចិត្តទុកដាក់លើបញ្ហានេះដល់កម្រិតណា?ចំពោះតំបន់ទេសចរណ៍ទឹកធ្លាក់ប៊ូស្រា?
- តើការបណ្តោយរបស់លោក ស៊ាង សឿន ប្រធានមន្ទីរឲ្យតំបន់ទេសចរណ៍ដ៏ល្បីមួយនេះ ប្រែក្លាយជាកន្លែងរញ៉េរញ៉ៃ និងបង្កការខកចិត្តដល់ភ្ញៀវទេសចរ គឺជាទំនួលខុសត្រូវរបស់នរណា? ជាទីបញ្ចប់ អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមធ្វើការសំណូមពរយ៉ាងគោរពដល់ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យមើល និងចាត់វិធានការច្បាស់លាស់ ដើម្បីកុំឲ្យការមិនយកចិត្តទុកដាក់របស់មន្ត្រីពាក់ព័ន្ធ បន្តបង្កអាស្រូវ និងបំផ្លាញទំនុកចិត្តភ្ញៀវទេសចរទៀត។ ទេសចរណ៍មិនអាចរស់បានដោយភាពស្ងាត់ និងការគេចវេសទំនួលខុសត្រូវនោះទេ!៕ដោយ ឃិន សុខន






Post a Comment