Top News

ល្បែងជល់មាន់អនឡាញបើកលេងជិតប៉ុស្តិ៍ ៥០ម៉ែត្រ.១០០ម៉ែត្រ តើមេប៉ុស្តិ៍មួងរៀវ “អសមត្ថភាព” ឬ “អនុលោម”? សំណូមពរឲ្យស្នងការខេត្តចាត់វិធានការអត្ថប

(ត្បូងឃ្មុំ)៖ ល្បែងជល់មាន់អនឡាញបញ្ចាំងលើកញ្ចក់ទូរទស្សន៍ កំពុងបើកលេងយ៉ាងចំហរ នៅភូមិមួងទី៧ ឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានយ៉ាងហោចណាស់ ២ទីតាំង ដែលស្ថិតនៅចម្ងាយត្រឹម ៥០ម៉ែត្រ និង ១០០ម៉ែត្រ ប៉ុណ្ណោះពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួងរៀវ។ ស្ថានភាពនេះកំពុងធ្វើឲ្យមហាជនសួរទៅលើតួនាទី និងវិន័យមន្ត្រីមូលដ្ឋានយ៉ាងច្បាស់។

សំណួរ:- តើលោក ចា រាក់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួងរៀវ មិនឃើញ មិនដឹង ឬដឹងហើយតែមិនអនុវត្តច្បាប់? ព្រោះល្បែងស៊ីសងខុសច្បាប់ មិនមែនកើតឡើងក្នុងព្រៃភ្នំឆ្ងាយនោះទេ ប៉ុន្តែ កើតឡើងជិតស្និទ្ធនឹងប៉ុស្តិ៍នគរបាលផ្ទាល់ ដែលត្រូវមានភារកិច្ចបង្ក្រាប និងការពារ។

គួរបញ្ជាក់ឲ្យច្បាស់ថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាអំពើខុសច្បាប់ និងជាសត្រូវសន្តិសុខសង្គម បំផ្លាញជីវភាពប្រជាពលរដ្ឋ បង្កអំពើហិង្សា បំណុល និងបទល្មើសផ្សេងៗ ដែលផ្ទុយទាំងស្រុងនឹងគោលនយោបាយ ភូមិ–ឃុំមានសុវត្ថិភាព ៧ចំណុច។ ការបើកឲ្យល្បែងលេងយ៉ាងសុខស្រួលជិតប៉ុស្តិ៍ គឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភចំពោះ ភាពប្រសើរនៃការអនុវត្តច្បាប់នៅមូលដ្ឋាន។ ការអសកម្ម ឬការអនុលោមណាមួយ ប្រសិនបើមាន មិនត្រឹមតែប៉ះពាល់ដល់កិត្តិយសប៉ុស្តិ៍នគរបាលមួយប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ ទំនុកចិត្តប្រជាពលរដ្ឋចំពោះស្ថាប័ននគរបាលទាំងមូល ព្រោះវាផ្ទុយនឹងទិសដៅកែលម្អវិន័យ ការគោរពច្បាប់ និងការទប់ស្កាត់អំពើខុសច្បាប់ ដែលថ្នាក់ដឹកនាំជាតិបានដាក់ចេញយ៉ាងច្បាស់លាស់។

ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានរាល់ថ្ងៃយើង មិនអាចទាក់ទងសុំការបំភ្លឺពីលោក ចា រាក់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួងរៀវ បានទេ ដោយមិនមានលេខទូរស័ព្ទ។ ដូចគ្នានេះផងដែរ ក៏មិនមានលេខទំនាក់ទំនងសម្រាប់សួរនាំពី លោក សាំ ហេង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ជុំវិញបញ្ហានេះដែរ។

អង្គភាពសារព័ត៌មានរាល់ថ្ងៃយើង សូមសំណូមពរ ទៅកាន់ លោក សាំ ហេង អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ មេត្តាចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ដោយគ្មានការរើសអើង ឬអនុលោម ចំពោះល្បែងស៊ីសងខុសច្បាប់ដែលកំពុងបើកលេងជិតប៉ុស្តិ៍នគរបាលឃុំមួងរៀវនេះ។

ជាពិសេស អង្គភាពសារព័ត៌មានរាល់ថ្ងៃយើង សូមគោរពសំណូមពរដល់លោក ឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការត្រួតពិនិត្យ និងកំណត់ទំនួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះមន្ត្រីពាក់ព័ន្ធ ជាពិសេស មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមួងរៀវ ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពពិតប្រាកដ។

ព្រោះការចាត់វិធានការតឹងរឹងលើករណីនេះ គឺជាការអនុវត្តជាក់ស្តែងតាម អនុសាសន៍ និងទស្សនៈដឹកនាំរបស់សម្តេច បវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើការពង្រឹងវិន័យកម្លាំងអនុវត្តច្បាប់ បង្ក្រាបបទល្មើស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុវត្ថិភាព និងទំនុកចិត្តលើស្ថាប័នរដ្ឋ៕(អត្ថបទ ដោយ ឃិន សុខន នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ)




Post a Comment

Previous Post Next Post

Kdaily-news ads