(សៀមរាប)៖ ត្រពាំងបុរាណឋានមួយកន្លែងមានឈ្មោះ ត្រពាំងវៀន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ដែលជាត្រពាំងរួមរបស់សហគមន៍ និងមានអាយុកាលយូរឆ្នាំផ្នែកប្រវត្តិសាស្ត្រកណ្តាលក្រុងសៀមរាប ត្រូវបានរាយការណ៍ថា មានបុគ្គលម្នាក់តាំងខ្លួនជាម្ចាស់ បានធ្វើសកម្មភាពចាក់ដីលប់យកធ្វើកម្មសិទ្ធ ដោយមិនគោរពច្បាប់ មិនខ្វល់ការហាមឃាត់ និងមិនអើពើចំពោះអាជ្ញាធរជំនាញ។
យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធ រួមទាំង អាជ្ញាធរអប្សរា បានចុះទៅហាមឃាត់សកម្មភាពលុបត្រពាំងបុរាណឋាននេះម្តងរួចមកហើយ។ ទោះជាយ៉ាងណា បុគ្គលដែលតាំងខ្លួនជាម្ចាស់ មិនត្រឹមតែមិនអនុវត្តតាមបំរាមផ្លូវការនោះទេ ប៉ុន្តែសកម្មភាពបំពាន ត្រូវបានអះអាងថានៅតែបន្តកើតមានដោយគ្មានការខ្លាចច្បាប់។
បន្ថែមពីនេះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ មានរូបភាពបង្ហាញថា បុគ្គលខាងលើ បានយកដែកមកធ្វើរបងបាំង និងបន្តចាក់ដីលប់បន្ថែម រហូតដល់កម្រិតស្ទើរតែបាត់បង់ស្នាមត្រពាំងបុរាណឋាននេះទាំងស្រុង សកម្មភាពដែលត្រូវបានមហាជនមូលដ្ឋានមើលឃើញថា ជាការបំផ្លាញបេតិកភណ្ឌសាធារណៈ និងជាការរំលោភយកទ្រព្យសម្បត្តិរួម ដោយផ្អែកលើការអះអាងផ្ទាល់ខ្លួនតែម្ខាង។
ក្នុងអំឡុងពេលនោះ អ្នកសារព័ត៌មានបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ហើយទទួលបានដំណឹងថា ទីតាំងខាងលើ ត្រូវបានអាជ្ញាធរចេញលិខិតយកមកបិទនៅទីតាំងត្រពាំងនោះ បញ្ជាឲ្យផ្អាកសកម្មភាពចំនួនពីរដងរួចមកហើយ។ បើតាមសម្តីភាគីចាំដីត្រពាំងវៀននោះ ក៏បានទទួលស្គាល់ថា ការចុះមកហាមឃាត់ពីអាជ្ញាធរអប្សរា គឺជារឿងពិត។ ប៉ុន្តែមហាជនគេបានឃើញបុគ្គលឈ្មោះ ភោក កិច្ច នៅតែបន្តអាកប្បកិរិយាមិនគោរពកោតខ្លាចច្បាប់ដដែល ដោយមិនអនុវត្តតាមសេចក្តីហាមឃាត់នោះឡើយ។
អាកប្បកិរិយារឹងទទឹងច្បាប់ និងការប្រព្រឹត្តផ្ទុយពីបំរាមផ្លូវការជាបន្តបន្ទាប់នេះ ត្រូវបានមើលឃើញថា ជាការតាំងខ្លួនលើច្បាប់ មើលរំលងតួនាទីអាជ្ញាធរ និងជាការបង្ហាញឲ្យឃើញពីការចង់ឈ្នះច្បាប់លើច្បាប់ ដោយផ្អែកលើការអះអាងមាត់ ដោយគ្មានភស្តុតាងផ្លូវការណាមួយគាំទ្រ។
សកម្មភាពបែបនេះ មិនត្រឹមតែបង្កការព្រួយបារម្ភដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍នីតិរដ្ឋ និងវប្បធម៌គោរពច្បាប់ក្នុងសង្គមផងដែរ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុគ្គលខាងលើ បានពឹងផ្អែកលើការអន្តរាគមន៍ពីអ្នកមានឥទ្ធិពលមួយចំនួននៅទីក្រុងភ្នំពេញ ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តសៀមរាបជួយសម្រួលក្នុងការចេញប្លង់កម្មសិទ្ធ រំលោភយកដីត្រពាំងវៀននេះ។ ប្រភពពីពលរដ្ឋនៅជិតទីនោះបានប្រាប់ថា កាលដើមឡើយដីគោកនៅជិតមាត់ត្រពាំងនោះ ទំហុំជាង៧០០ម៉ែត្រការ៉េតែប៉ណ្ណោះ។
ទោះជាដីនៅជិតត្រពាំងវៀននោះមានទំហុំប៉ុណ្ណាក៏ អាជ្ញាធរខេត្តសៀមរាប មិនបានអនុញ្ញាតឲ្យចេញប្លង់កម្មសិទ្ធដែរ ហើយនៅតែរក្សាជំហរតាមច្បាប់ ដោយមិនទទួលយកការអះអាងដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ពីបុគ្គល ឈ្មោះ ភោក កិច្ច នេះដែរ។
ប៉ុន្តែទោះបីជាមានសេចក្តីហាមឃាត់ និងបំរាមផ្លូវការចេញជាបន្តបន្ទាប់ក្តី សកម្មភាពចាក់ដីលុបត្រពាំងបុរាណឋាននេះ ត្រូវបានអះអាងថា នៅតែបន្តកើតមាន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់បេតិកភណ្ឌសាធារណៈ និងអត្ថប្រយោជន៍រួម។
ប្រជាពលរដ្ឋបានសំណូមពរទៅ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមមេត្តាចាត់កម្លាំងចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងជាថ្មីផងទាន ដើម្បីស្តារត្រពាំងបុរាណឋាននេះឡើងវិញ នឹងដើម្បីការពារទ្រព្យសម្បត្តិរបស់រដ្ឋ បញ្ចប់អាកប្បកិរិយាបំពានច្បាប់ដែលកំពុងកើតមាន។
ពាក់ព័ន្ធករណីនេះ ក្រុមការងារអ្នកសារព័ត៌មានបានជួបបុគ្គលឈ្មោះ ភោក កិច្ច តាមប្រព័ន្ធតេឡេក្រាម ដែលតាំងខ្លួនជាម្ចាស់ត្រពាំង ហើយអះអាងថាមានប្លង់រឹងប្រភេទស្លាបមាន់ តាំងពីឆ្នាំ២០០៨មកនោះ។ ក្រុមការងារសារព័ត៌មានបានស្នើសុំឯកសារពាក់ព័ន្ធ ដើម្បីដាក់ផ្សាយបង្ហាញជូនសាធារណជនឲ្យបានជ្រាបច្បាស់កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលខាងលើបានសន្យាថានឹងផ្តល់ឯកសារទាំងអស់មកក្រុមការងារសារព័ត៌មាន ប៉ុន្តែរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតែមិនទាន់មានការផ្តល់ឯកសារណាមួយមកកាន់ក្រុមការងារសារព័ត៌មាននៅឡើយ មានតែសំណេទទេតាមតេឡេក្រាម ដោយអះអាងថាកំពុងរវល់ និងស្នើឲ្យរង់ចាំ ដោយថានឹងទៅជួបអាជ្ញាធរជាមុនសិន។
អង្គភាពសារព័ត៌មាន សូមបញ្ជាក់ថា ការចុះផ្សាយនេះ ធ្វើឡើងដោយផ្អែកលើប្រភពព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន ហើយនៅតែបើកចំហរង់ចាំការបកស្រាយបំភ្លឺ និងឯកសារផ្លូវការពីភាគីដែលតាំងខ្លួនជាម្ចាស់ដី ដើម្បីផ្សាយជូនសាធារណជនជាបន្តទៀត ក្នុងម៉ោងធ្វើការ៕
((សូមបញ្ជាក់ថារាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែតម្រុយបង្ហាញខ្លាចបាត់បង់នៅទ្រព្យរួម ដែលជាទីតាំងបូរាណឋានប្រវត្តិសាស្តតែប៉ុណ្ណោះ បើសិនជាអង្គភាពយើងផ្សាយទៅហើយធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរណាមួយរបស់ភាគីពាក់ព័ន្ធ សូមប្តឹងមកការិយាល័យកណ្តាលរបស់យើងខ្ញុំ តាមរបបសារព័ត៌មាន យើងខ្ញុំរង់ចាំទទួលការបំភ្លឺបកស្រាយរបស់អស់លោករាល់ម៉ោងធ្វើការសូមអរគុណ)) ដោយ ឃិន សុខន






Post a Comment