(ខេត្ត សៀមរាប)៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ដែលមានលក្ខណៈ ទ្រុងទ្រាយធំ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ចំកណ្តាលក្រុង ក្នុងដែនសមត្ថកិច្ចនគរបាលក្រុងសៀមរាប ប៉ុន្តែអ្វីដែលមហាជនមើលឃើញជាក់ស្តែង គឺ សមត្ថកិច្ចអសកម្ម ឬមិនហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋរស់នៅសង្កាត់ស្លរក្រាម សាលាកន្សែង ស្វាយដង្គំ ជ្រាវ និងគោកចក រាយការណ៍ថា រៀងរាល់ថ្ងៃមានការប្រមូលផ្តុំអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន លេងល្បែងស៊ីសងដាក់លុយ មាន់ ឡូតូ បៀរ ការ៉ាត ដោយអនាធិបតេយ្យ មិនខ្លាចញញើតច្បាប់ និងមិនខ្លាចសមត្ថកិច្ចសោះ។
សំណួរជាសាធារណៈ
- បើមិនមានអ្នកបើកដៃ តើបនល្បែងអាចដំណើរការបែបនេះបានដែរឬទេ?
- បើសមត្ថកិច្ចបំពេញភារកិច្ចតាមច្បាប់ តើល្បែងស៊ីសងអាចរីកដូចផ្សិតចំកណ្តាលក្រុងបានដល់ថ្នាក់នេះដែរឬទេ? កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត នៅពេលសារព័ត៌មាន និងមហាជន ខលរាយការណ៍ទៅអធិការនគរបាលក្រុងសៀមរាប
- ខលទូរស័ព្ទមិនទទួល
- តេឡេក្រាមមិនចូលមើល ឥរិយាបថបែបនេះ មិនអាចបកស្រាយថាជា «ការមិនទាន់ឃើញ» បានទៀតឡើយ ប៉ុន្តែបង្ហាញយ៉ាងច្បាស់ពី ភាពមិនអើពើចំពោះសេចក្តីរាយការណ៍ និងសុវត្ថិភាពសង្គម។
យើងសូមសួរដោយត្រង់ទៅសមត្ថកិច្ចក្រុងសៀមរាបថា" តើគោលនយោបាយ(ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព)៥ ចំណុច នៅសល់ត្រឹមតែពាក្យស្លោកឬយ៉ាងណា?
ពិសេសចំណុចទី៥- គ្មានល្បែងស៊ីសងខុសច្បាប់
ហេតុអ្វីបានជាក្លាយជាពាក្យទទេ នៅក្នុងដែនសមត្ថកិច្ចរបស់លោក ដា ចំរើន អធិការនៃអធិការដ្ឋាននគរក្រុង?
ល្បែងស៊ីសងមិនមែនជាបញ្ហាតូចឡើយ
វាជាមូលហេតុនាំឲ្យ-
– ប្រជាពលរដ្ឋជំពាក់បំណុលធនាគារកាន់តែវាន់ក
– កើនឡើងបទល្មើស លួច ឆក់ ប្លន់
– បង្កអសន្តិសុខ និងបំផ្លាញសុខសុភមង្គលគ្រួសារ ទីណាមានល្បែងស៊ីសង ទីនោះមានបទល្មើស—នេះជាការពិតដែលសង្គមដឹងគ្រប់គ្នា។ ក្នុងនាមសារព័ត៌មាន និងជាអ្នកនាំសម្លេងប្រជាពលរដ្ឋ សូមអំពាវនាវ ទៅកាន់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មេត្តាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងមិនលើកលែង ចំពោះមន្ត្រីអសកម្ម ក្នុងដែនសមត្ថកិច្ចនគរបាលក្រុង
ដែលបានបណ្តោយឲ្យបនល្បែងស៊ីសងខុសច្បាប់ រីករាលដាលបែប ប្រមាថច្បាប់ និង ប្រមាថអំណាចរដ្ឋ។ ប្រជាពលរដ្ឋមិនសុំអ្វីលើសពីច្បាប់ឡើយ សុំតែ អនុវត្តច្បាប់ឲ្យស្មើគ្នា
បើមិនដូច្នោះទេ សំណួរអំពី
- អធិការក្រុងអសកម្ម?
- ឬមានអ្នកបើកដៃ? នឹងបន្តលាន់ឮខ្លាំងជាងនេះទៀតនៅក្នុងសង្គម។ សារព័ត៌មាន | សម្លេងមហាជន)ដោយ ឃិន សុខន










Post a Comment