លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី១៨ កុម្ភៈនេះ ថា គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគរ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែ នោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។ យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគរជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេល ខ្ទង់មួយខែទៀត។ ការងារនេះយើងត្រូវធ្វើទាំង២ខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវ២៣០និងផ្លូវម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់លូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ គូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវ ទាំងនេះផងដែរ។
លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ រួចរាល់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ខែខាងមុខទៀត។
រដ្ឋបាលរាជធានីភ្នំពេញបានផ្លូវមកវិញធ្វើការកែលម្អរសោភណ្ឌភាពដោយរៀបជាថ្មក្រានីលើចិញ្ចើមផ្លូវដើរថ្មើរជើងនិងរៀបចំប្រព័ន្ធលូឡើងវិញផ្លូវព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត ក្រោយពីមានការដឹកនាំចាត់ចែងដោយលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ ដោយមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់លោកឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ រួមគ្នាដើម្បី ផ្ទះ ផ្លូវនិងទីក្រុងយេីងស្អាត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជា ប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែរ ទេីបការប្រឹងប្រែងរបស់យើងខ្ញុំទទួលបានជោគជ័យ៕






Post a Comment