រាជបណ្ឌិត្យសភាកម្ពុជា រិះគន់ថា បើលើកក្មេងទំនើងឱ្យធ្វើជាសន្តិសុខភូមិ ឬប្រជាការពារភូមិ ក្រសួងមានសមត្ថកិច្ចក៏គួរតែលើកចោរឱ្យធ្វើជាប៉ូលិសចាប់ចោរដែរ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ មីនា នេះថា បើអាជ្ញាធរឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ឬរាជធានី ខេត្តណាដែលគ្មានសមត្ថភាពបង្ក្រាបក្មេងទំនើង ពួកគេគួរតែចុះចេញ និងលើកក្មេងទំនើងទាំងនោះឱ្យធ្វើជាមេប៉ុស្តិ៍ អធិការស្រុក ខណ្ឌ ឬស្នងការរាជធានី-ខេត្តជំនួសវិញ មិនចាំបាច់ឱ្យធ្វើត្រឹមតែប្រជាការពារភូមិនោះទេ។
បណ្ឌិត គិន ភា លើកឡើងថា ជារឿងដែលមិនគួរនឹកឃើញ ឬនិយាយទៅរួចសម្រាប់អ្នកដែលមានគំនិតចង់ឱ្យក្មេងទំនើងទាំងនោះធ្វើការងារជាសន្តិសុខមូលដ្ឋានដែលពួកគេបានបំផ្លាញរហូតមកនោះ ប៉ុន្តែបើដូច្នេះ ក៏គួរតែលើកឱ្យពួកចោរទៅធ្វើជាប៉ូលិស ដើម្បីឱ្យពួកគេចាប់ចោរដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្រសួងមហាផ្ទៃ គួរតែពង្រឹងសមត្ថភាពប៉ូលិសមូលដ្ឋានឡើងវិញ គឺចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រហូតដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រោះការបង្ក្រាបក្មេងទំនើង គឺជាសមត្ថកិច្ចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាភូមិ-ឃុំមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានអះអាងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាដាក់បញ្ចូលក្រុមក្មេងទំនើងជាប្រជាការពារភូមិ ឬសន្តិសុខភូមិ បន្ទាប់ពីពួកគេត្រូវបានអប់រំកែប្រែរួច ព្រោះការធ្វើបែបនេះ គឺដើម្បីទាញប្រយោជន៍ដល់សង្គម និងជាគំរូដល់ក្មេងជំនាន់ក្រោយផងដែរ។
លោក ទូច សុខៈ បញ្ជាក់ថា ផ្អែកតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា គឺអនុញ្ញាតឱ្យក្មេងទំនើងទាំងនោះក្លាយទៅជាអ្នកការពារសន្តិសុខសុវត្ថិភាពសង្គមតាមមូលដ្ឋានរបស់ពួកគេ ប៉ុន្តែត្រូវមានរដ្ឋបាលឃុំ-សង្កាត់ ស្រុកខណ្ឌ ជាអ្នកដឹកនាំត្រួតពិនិត្យ ព្រោះការធ្វើបែបនេះនឹងអាចធ្វើឱ្យក្មេងៗទាំងនោះមានបទពិសោធន៍ការងារសន្តិសុខ ព្រមទាំងអាចកែប្រែពីក្មេងមិនល្អទៅជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយផងដែរ។
ក្រសួងមហាផ្ទៃ បានបង្ហាញទិន្នន័យបង្ក្រាបក្មេងទំនើងសម្រាប់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះថា សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបានជិត ១ពាន់ករណី ( ៩៩១ករណី) ថយចុះ ៣៨% បើធៀបនឹងឆ្នាំ២០២៤ ដោយឃាត់ខ្លួនមនុស្សជាង ៣ពាន់នាក់ (៣៦០៧នាក់) និងបញ្ជូនទៅកាន់តុលាការជាង ២ពាន់នាក់ (២៣៥៥នាក់) ព្រមទាំងអប់រំបានជាង ១ពាន់នាក់ (១២៣៨នាក់) ផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញបញ្ជាឱ្យស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបានមិនលើសពី ៤៨ម៉ោង រាល់ក្រុមក្មេងទំនើងដែលបង្កហេតុ ឬរត់គេចខ្លួននៅតាមមូលដ្ឋាន។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអះអាងកាលពីដើមខែមិថុនា ឆ្នាំ២០២៥ កន្លងទៅថា បើមានក្រុមណាមួយបង្កហិង្សា និងអសន្តិសុខក្នុងសង្គម ត្រូវតែបង្ក្រាប និងចាប់មកអនុវត្តច្បាប់ភ្លាមៗ ដោយប្រើវិធីបង្ក្រាប «ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម»។
ជុំវិញបញ្ហានេះ ពលរដ្ឋក្នុងក្រុងបាត់ដំបង ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៣ មីនា នេះថា ក្រសួងមហាផ្ទៃ គួរតែពង្រឹងការអនុវត្តច្បាប់ឱ្យល្អប្រសើរជាងការបញ្ចូលក្មេងទំនើងឱ្យធ្វើជាសន្តិសុខភូមិ ឬប្រជាការពារភូមិ ព្រោះថាបើច្បាប់នៅតែធូររលុង សុវត្ថិភាពនៅមូលដ្ឋានក៏មិនមានដែរ ទោះបន្ថែមសន្តិសុខភូមិច្រើនយ៉ាងណាក៏ដោយ។
ប្រភពដដែល បញ្ជាក់ថា ប្រភពដើមដែលនាំឱ្យកើតមានក្មេងទំនើង គឺដោយសារការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព ដូច្នេះដើម្បីលុបបំបាត់ក្មេងទំនើង អាជ្ញាធរគ្រាន់តែអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ នោះក្មេងទំនើងប្រាកដជាត្រូវបានលុបបំបាត់នៅមូលដ្ឋានជាមិនខាន ខណៈការតែងតាំងក្មេងទំនើងទាំងនោះជាសន្តិសុខភូមិមិនប្រាកដថាអាចលុបបំបាត់ក្មេងទំនើងបាននោះទេ៕ ប្រភព៖ Cambodia daily



Post a Comment