(កណ្ដាល)៖ ខណៈពលរដ្ឋរាប់រយនាក់ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងផ្ទុះការតវ៉ា ទាមទារឲ្យរក្សាទុក «ដីបឹងមេទឹកព្រា» ជាសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់អាស្រ័យផលតាមប្រពៃណី ស្រាប់តែមានការអះអាងពីលោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌ ថា ដីទំហំ ១៧២ ហិកតា ត្រូវបាន អូន ព័ន្ធមុនីរ័ត្ន ប្រមូលទិញពីអ្នកអាស្រ័យផល ក្នុងតម្លៃ ១ ហិកតា ២,៥០០ ដុល្លារ។
ការអះអាងនេះ បើតាមការពន្យល់របស់មេឃុំ គឺដីបឹងមេទឹកព្រា កាលដើមជា ដីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិបុគ្គលឡើយ ប៉ុន្តែបន្ទាប់ពីមានទំនាស់អាស្រ័យផល ចាប់តាំងពីឆ្នាំ ២០០៦–២០០៧ មក បានកើតមានការប្រមូលទិញ ដើម្បីបញ្ចប់ការអាស្រ័យផល។
- ប៉ុន្តែចំណុចស្នូលដែលសង្គមចាប់អារម្មណ៍ខ្លាំង គឺ ដីដែលត្រូវអះអាងថា ជាដីសាធារណៈរបស់រដ្ឋនេះ បច្ចុប្បន្ន បានចេញប្លង់រឹង ក្លាយជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត តាម ស.ជ.ណ. លេខ ៤៥៣.ដ.ប ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ និងបានបញ្ជាក់ជាផ្លូវការនៅឆ្នាំ ២០២២។
លោកមេឃុំឆ្លើយតបថា ការប្រែក្លាយកម្មសិទ្ធិនេះ គឺដោយសារដីត្រូវបានលក់យកថវិកា ដើម្បីធ្វើ សាលាខេត្តកណ្ដាល។ ការបញ្ជាក់នេះ ធ្វើឲ្យកើតសំណួរ ពាក់ព័ន្ធនឹង នីតិវិធីស.ជ.ណ. ការកំណត់ប្រភេទដី និងអំណាចអនុម័ត។
ពាក់ព័ន្ធនឹងឈ្មោះ គង់ ឃាង មេឃុំអះអាងថា ពិតជាមានការទិញដីមួយផ្នែក សម្រាប់ជីកអាចម៍ដី ប៉ុន្តែក្រោយមកបានដោះស្រាយសំណងជាមួយក្រុមហ៊ុន ក្នុងតម្លៃដូចគ្នា ១ ហិកតា ២,៥០០ ដុល្លារ ខណៈដែលលោក គង់ ឃាង បដិសេធថា មិនពាក់ព័ន្ធនឹងដីនេះទៀតឡើយ។
មេឃុំបញ្ចប់ថា ដីមានប្លង់រឹងរួចហើយ ដូច្នេះ មិនអាចដោះស្រាយតាមសំណើពលរដ្ឋបានទេ-ចំណុចនេះផ្ទាល់ ក៏ក្លាយជាចំណុចចម្រូងចម្រាសផ្លូវច្បាប់យ៉ាងខ្លាំង។
បច្ចុប្បន្ន ពលរដ្ឋជាង ១០០ នាក់ នៅភូមិព្រៃចាស់ បន្តតវ៉ាចាប់ពីថ្ងៃទី ១ ដល់ ៣ ខែមីនា ឆ្នាំ ២០២៦ ទាមទារឲ្យដកគ្រឿងចក្រ និងបញ្ឈប់ការឈូសឆាយ ដើម្បីរក្សាសភាពដើមដី ដែលពួកគាត់អាស្រ័យផលតកូនតចៅ។
ជុំវិញបញ្ហានេះ ពលរដ្ឋបានស្នើសុំទៅដល់ឯកឧត្ដម គួច ចំរើន, ឯកឧត្ដម ឱម យ៉ិនទៀង, ឯកឧត្ដម ស សុខា,ឯកឧត្ដម សាយ សំអាល់ និងជាពិសេស សម្តេមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមចាត់មន្ត្រីជំនាញ អព្យាក្រឹត ចុះស្រាវជ្រាវ ព្រោះមានការសង្ស័យជាសាធារណៈ ពាក់ព័ន្ធនឹង ការប្រែប្រួលដីសាធារណៈ ១៧២ ហិកតា តាមនីតិវិធីស.ជ.ណ.។
ដីសាធារណៈរបស់រដ្ឋ តើត្រូវឆ្លងកាត់ នីតិវិធីអ្វីខ្លះ មុនអាចបម្លែងទៅជាកម្មសិទ្ធិឯកជន តាមច្បាប់ដីធ្លី និងស.ជ.ណ.?
- តម្លៃ ១ ហិកតា ២,៥០០ ដុល្លារ តើសមស្របនឹងតម្លៃទីផ្សារ និងផលប្រយោជន៍សាធារណៈដែរឬទេ?
- រដ្ឋ និងពលរដ្ឋ ទទួលបានសមិទ្ធផលអ្វីជាក់លាក់ ជាថ្នូរនឹងការបាត់បង់ដីសាធារណៈ ១៧២ ហិកតានេះ?
.សារព័ត៌មាន នឹងបន្តតាមដាន និងស្នើសុំការបំភ្លឺផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យសាធារណៈជនបានដឹងច្បាស់ តាម ច្បាប់ មិនតាមអារម្មណ៍៕ អត្ថបទ ដោយ ឃិន សុខន ប្រភព៖ ដើម រាំង













Post a Comment