កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមល្បាតយោធា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន០៧នាក់ (ស្រី០៣នាក់) ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។ ការឃាត់ខ្លួនក្រុមជនជាតិថៃឆ្លងដែលខុសច្បាប់នេះ ធ្វើឡើងនៅពេលដែលកម្លាំងជំនាញកំពុងចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៧នាក់ ត្រុវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចឆ្លងដែនចូលមកកម្ពុជាពិតប្រាកដមែន។ ដោយសារពួកគេរស់នៅក្នុងប្រទេសថៃពុំមានប្រាក់ និងគ្មានការងារ ទេីបសម្រេចចិត្តលួចឆ្លងដែនមកកម្ពុជា ដេីម្បីរកការងារធ្វេី។
ផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្តតាមនីតិវិធី៕




Post a Comment