Top News

ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃកើនឡើងយ៉ាងខ្លាំងដល់ ១១​ករណីនៅឆ្នាំនេះ.👇



 ចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ជំរិតនៅក្នុងប្រទេសថៃ បានកើនឡើងក្នុងឆ្នាំនេះ ដោយឈានដល់ ១១​ករណីគិតត្រឹមខែកញ្ញា។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដែលដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាល​។

កាសែត Korea Economic Daily ដែលដកស្រង់តួលេខចេញ​ពី​ក្រសួង​ការបរទេស បានចុះ​ផ្សាយ​ថា ចំនួននៃការចាប់ជំរិត​ពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ បានកើនឡើងពីសូន្យ​ករណី​ក្នុងឆ្នាំ​២០២១ ឡើង​ដល់​១​ករណី​នៅឆ្នាំ​២០២២ បន្ទាប់មក​មាន​ចំនួន​៥​ករណី​ជាប់ៗ​គ្នា​ក្នុងឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤។

ប្រទេសថៃដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង បានឃើញការកើនឡើងនាពេលថ្មីៗនេះនៃ​ឧក្រិដ្ឋកម្មហិង្សាពាក់ព័ន្ធនឹងជនរងគ្រោះឬជនសង្ស័យជនជាតិកូរ៉េ។

កាល​ពី​ឆ្នាំ​មុន អ្នក​ទេសចរ​កូរ៉េ​អាយុ៣៤​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​ចាប់​ជំរិត និង​សម្លាប់​ដោយ​​ជនជាតិ​កូរ៉េ​៣​នាក់​​ក្នុង​ប្រទេស​ថៃ។ ក្រោយ​មក​ជន​សង្ស័យ​ត្រូវចាប់​ខ្លួន​បាន​​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង វៀតណាម និង​កម្ពុជា។

នៅ​ក្នុង​ករណី​ធំ​មួយ​ទៀត​ក្នុង​ខែកក្កដាកន្លង​ទៅ អាជ្ញាធរ​ថៃ​បាន​រុះរើ​​ក្រុម​​ឧក្រិដ្ឋជន​ជនជាតិ​កូរ៉េ​២០​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ​នៅ​ខេត្ត​ចាន់បុរី។ ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិត និងបង្ខំ​ឲ្យ​ធ្វើការសម្រាប់ការឆបោករបស់មជ្ឈមណ្ឌលហៅទូរសព្ទ ត្រូវបានជួយសង្គ្រោះ។

តំណាងរាស្រ្តបក្សប្រឆាំង លោក Kim Geon នៃគណបក្សអំណាចប្រជាជនកូរ៉េ​ខាង​ត្បូង បានជំរុញ​ឲ្យ​រដ្ឋាភិបាលពង្រឹង​កិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយនិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រឈមនឹងហានិភ័យកើនឡើងនៅក្នុងប្រទេសថៃ ហើយ​អំពាវនាវ​ឲ្យ​មានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើ​ការប្រកាសការងារខុសច្បាប់ ដែលទាក់ទាញជនរងគ្រោះនៅ​បរទេស។

សូម​ជម្រាប​ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ប្រជាជនកូរ៉េខាងត្បូងចំនួន ១,៨៦​លាននាក់ បាន​ទៅ​លេងប្រទេសថៃក្នុង​ឆ្នាំ​២០២៤ ដែលជា​តួ​លេខ​ភ្ញៀវបរទេសកំពូលមួយ​របស់​ក្រុង​បាងកក​បន្ទាប់ពី​ប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌា៕



Post a Comment

Previous Post Next Post

Kdaily-news ads