Top News

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បន្តបង្ហាញស្មារតីមនុស្សធម៌ នាំយកអំណោយជួយសម្រួលជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ!


(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ហេង លីដែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២៧៨គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្រុកឆែប ខេត្តព្រះវិហារ។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌នៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណងជួយសម្រួលជីវភាព និងបន្ធូរបន្ថយការលំបាករបស់បងប្អូនជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីក្រៅប្រទេស ពិសេសក្រុមជនងាយរងគ្រោះ រួមមាន ជនចាស់ជរា ជនពិការ ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនខ្ចី។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការឆ្លើយតបបញ្ហាមនុស្សធម៌ និងការពារសុវត្ថិភាពជីវិតប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្ថិតក្នុងភាពឯកោនៅពេលប្រទេសជួបគ្រាលំបាកឡើយ។

ការចូលរួមសកម្មរបស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីនៅពេលនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលជាគ្រឹះសំខាន់ក្នុងការកសាងសង្គមប្រកបដោយសន្តិភាព សុវត្ថិភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕អត្ថបទ ដោយ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads