ខេត្តមណ្ឌលគិរី៖ ក្នុងបរិបទនៃការថែរក្សាសុភមង្គល និងជួយដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាផ្នែកជីវភាពរស់នៅ សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងមន្ត្រីស្នាក់ការកណ្តាល ដោយឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១៨៩គ្រួសារ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសនៃភាពរាក់ទាក់ និងក្តីស្រលាញ់ បង្ហាញពីការចេះគិតចេះគូររបស់ថ្នាក់ដឹកនាំ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម យូ ឡាណា ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្ដម ថង សាវុន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។
កម្មវិធីនេះ គឺជាការបន្តនៃសកម្មភាពមនុស្សធម៌ ដែលសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិខ្មែរ ឲ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។
សកម្មភាពបែបនេះ មិនត្រឹមតែជាការចែកអំណោយទេ ប៉ុន្តែជាសញ្ញានៃ សេចក្តីស្រលាញ់ សេចក្តីមេត្តាករុណា និងចិត្តមនុស្សធម៌ ដែលជួយបង្កើនសម្ព័ន្ធភាពរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឲ្យកាន់តែរឹងមាំ៕ អត្ថបទ ឃិន សុខន












Post a Comment