(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលាឃុំ កំពង់ស្រឡៅមួយ មានប្រព្រឹត្តិការបើកកិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងឃុំសង្កាត់ចំនួន ៣ គម្រោង ដែលក្នុងនោះឃុំឆែប២ មាន ២ គម្រោង និងឃុំកំពង់ស្រឡៅមួយមាន ១ គម្រោង។
សម្រាប់គម្រោង ផ្លូវបេតុងអាមេ នៅឃុំឆែប២ មានប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ៤ កន្លែង និងស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន ១៦៦,៥៣៩,៩២៣ រៀល។ ការដេញថ្លៃមានអ្នកចូលរួម ៤ ក្រុមហ៊ុន ដោយក្រុមហ៊ុន ស្រ៊ុន ស៊ីវន ដេញតម្លៃទាបជាងគេ ៩៥,២០០,០០០ រៀល ចុះតម្លៃ ៤២.៣៨% បង្ហាញពីការប្រកួតប្រជែងយ៉ាងច្បាស់តាមបែបប្រជាធិបតេយ្យ។
ប៉ុន្តែផ្ទុយទៅវិញ សម្រាប់គម្រោង ផ្លូវដីក្រួសក្រហម ឃុំឆែប២ ប្រវែង ១,១០០ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៣៨,៦៣៣,៧៨៨ រៀល ការដេញថ្លៃមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ ដែលការចុះតម្លៃភាគរយគឺតិចជាងគេបំផុត ដោយក្រុមហ៊ុន ហៃ ម៉ានីម៉ិច ចុះតម្លៃត្រឹមតែ ០.២៤% ក្រុមហ៊ុន តឹង លីណែត ចុះត្រឹម ០.៩៩% និង ជីវ គឹមឡុង ចុះត្រឹម ១.៦១% ប៉ុណ្ណោះ។ ភាគរយចុះតិចបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍មួយចំនួន មានការសង្ស័យថា ប្រហែលជាមានការរៀវចំជាមុន ឬការចរចារទឹកតែដើម្បីឱ្យការដេញថ្លៃមិនមានការប្រកួតប្រជែងពិតប្រាកដឡើយ។
សម្រាប់គម្រោង ផ្លូវបេតុងអាមេ ឃុំកំពង់ស្រឡៅមួយ ប្រវែង ៣២០ ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៨៧,៤៥៧,៧៥២ រៀល មានការដេញប្រកួតយ៉ាងច្បាស់ជាមួយក្រុមហ៊ុនចូលរួម ៤ យ៉ាងសកម្ម ដោយក្រុមហ៊ុន គង ស៊ីណែត ដេញតម្លៃទាបជាងគេ ១៤៥,៧០០,០០០ រៀល ចុះតម្លៃដល់ទៅ ៤៩.៣១% បង្ហាញពីភាពតម្លាភាព និងការប្រកួតប្រជែងតាមគោលការណ៍ច្បាប់។
ប៉ុន្តែចំណែកគម្រោងផ្លូវក្រួស ឃុំឆែប២ ដែលមានការចុះតម្លៃតិចបំផុតជាងគេ ប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន។ អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា ការដេញថ្លៃបែបនេះមិនត្រឹមតែប៉ះពាល់ដល់ភាពតម្លាភាពនៃការគ្រប់គ្រងថវិកាឃុំសង្កាត់ទេ ប៉ុន្តែអាចប៉ះពាល់ដល់គុណភាពសំណង់(ផ្លូវ)នាពេលក្រោយផងដែរ។
ក្នុងនាមជាសារព័ត៌មាន សារព័ត៌មានរាល់ថ្ងៃ (Sarpor Mean Rael Thngai) យើងសង្ឃឹមថា អាជ្ញាធរទទួលខុសត្រូវគួរតែពិនិត្យឡើងវិញ ដើម្បីធានាថា ការដេញថ្លៃគ្រប់គម្រោងត្រូវបានធ្វើឡើងដោយភាពតម្លាភាព តាមបែបប្រជាធិបតេយ្យ និងគោលការណ៍គ្រប់គ្រងល្អ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ឃុំសង្កាត់ឱ្យមានសុចរិតភាព និងភាពជឿជាក់ពីសាធារណជនជានិច្ច៕អត្ថបទ ឃិន សុខន








Post a Comment