Top News

មណ្ឌលគិរី ប្រារព្ធពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក បង្ហាញវប្បធម៌ជនជាតិដើមភាគតិច និងទទួលការចូលរួមអបអរពេញបេះដូង..!👇



(មណ្ឌលគិរី)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នាទី រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីបង្ហាញសម្លរ ព្រូង និងការតាំងបង្ហាញម្ហូបប្រពៃណីដ៏ចម្រុះរបស់បងប្អូនជនជាតិដើមភាគតិច ក្នុងបរិវេណសួនដំរីដែក ដោយស្ថិតក្នុងបរិយាកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដ៏អធិកអធម។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធី និងមានប្រសាសន៍ស្វាគមន៍ ដោយអបអរសាទរដល់បងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ហាញសម្លព្រូង សម្លបុកបំពង់ឬស្សី និងម្ហូបប្រពៃណីដ៏ពិសេសៗ ដែលជាកេរ្តិ៍ដំណែលវប្បធម៌ដ៏មានតម្លៃតាំងពីបុរាណ។

ឯកឧត្តមបានបន្តថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាតិ និងភ្ញៀវទេសចរពីខេត្តជិតខាង គឺជាសញ្ញាបង្ហាញពីភាពសាមគ្គី និងសេចក្តីស្រលាញ់ជាតិនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ការអបអរនេះបានធ្វើឱ្យទីក្រុងសែនមនោរម្យ ប៉ះពាល់ដោយស្នាមញញឹម និងសូរសំណើចរីករាយពេញទ្រូងព្រឹត្តិការណ៍។

ភ្ញៀវមួយចំនួនដែលបានធ្វើដំណើរមកពីខេត្តផ្សេងៗបានថ្លែងថា ពិធីអុំទូកសំពះព្រះខែអកអំបុកនៅខេត្តមណ្ឌលគិរី មានភាពសម្បើមលើសគេ ពោរពេញដោយវប្បធម៌ជនជាតិដើម ភាពសាមគ្គី និងភាពស្រស់ស្អាតនៃធម្មជាតិដែលល្បីរបស់ខេត្តនេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី បានសូមអនុមោទនាដល់ការចូលរួមសកម្មរបស់ប្រជាពលរដ្ឋទាំងអស់ និងប្តេជ្ញាថា នឹងបន្តរក្សា និងអភិវឌ្ឍវប្បធម៌ប្រពៃណីជាតិឱ្យរីកចម្រើនកាន់តែខ្ពស់ជាបន្តបន្ទាប់៕អត្ថបទដោយ៖ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads